(ភ្នំពេញ)៖ ការប្ដូរឈ្មោះថ្មីរបស់ប្រជាជាតិនីមួយៗ គឺអាស្រ័យលើហេតុផលផ្សេងៗ ដោយប្រទេសខ្លះប្ដូរឈ្មោះប្រទេសរបស់ខ្លួនគឺដើម្បីបង្ហាញនូវអរិយភាព ដើម្បីរឹតចំណងសម្ពន្ធភាព ដើម្បីបង្ហាញនូវការទាមទារឯករាជ្យពីអាណានិគម ក៏ដូចជាដើម្បីជៀសវាងការយល់ច្រឡំពីមជ្ឈដ្ឋានអន្តរជាតិជាដើម។

ខាងក្រោមនេះជាប្រទេសទាំង១១ដែលផ្លាស់ប្ដូរឈ្មោះថ្មី៖

១. ប្រទេសអៀរឡង់ (Ireland) បានប្ដូរឈ្មោះពីរដ្ឋសេរីអាយរីស្ត (Irish Free State) នៅឆ្នាំ១៩៣៧។

២​. ប្រទេសថៃឡង់ (Thailand) បានប្ដូរឈ្មោះពីស្យាម ឬសៀម (Siam) នៅឆ្នាំ១៩៣៩។

៣. ប្រទេសស្រីលង្កា (Sri Lanka) បានប្ដូរឈ្មោះពីសេឡង់ (Ceylon) ដែលត្រូវបានពួកព័រទុយហ្កាល់ហៅតាំងពីឆ្នាំ១៥០៥។ ការផ្លាស់ប្ដូរឈ្មោះមកស្រីលង្កានេះ គឺធ្វើឡើងនៅឆ្នាំ១៩៤៨ បន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យពីចក្រភពអង់គ្លេស។

៤. ប្រទេសមីយ៉ាន់ម៉ា (Myanmar) បានប្ដូរឈ្មោះពីភូមា (Burma) នៅឆ្នាំ១៩៨៩។

៥. ប្រទេសប៊ួរគីណាហ្វាសូ (Burkina Faso) បានប្ដូរឈ្មោះពីអាល់តូវ៉ុលតា (Alto Volta)។

៦. ប្រទេសណាមីប៊ី (Namibia) បានប្ដូរឈ្មោះពីយែរមេនអាហ្វ្រិកភាគនិរតី (German Southwest Africa) នៅឆ្នាំ១៩៩០។

៧. សាធារណរដ្ឋខេបូវើដ (Cabo Verde) បានប្ដូរឈ្មោះពីកាប់វែរ (Cape Verde) នៅឆ្នាំ២០១៣។

៨. សាធារណរដ្ឋឆេកគា (Czechia) បានប្ដូរឈ្មោះពីសាធារណរដ្ឋឆែក (Czech) នៅខែមេសា ឆ្នាំ២០១៦។

៩. ប្រទេសអេស្វាទីនី (Eswatini) បានប្ដូរឈ្មោះពីស្វាសេឡង់ (Swaziland) នៅខែមេសា ឆ្នាំ២០១៨។

១០. ប្រទេសនែតដឺឡង់ (Netherlands) បានប្ដូរឈ្មោះពីហូឡង់ (Holland) នៅឆ្នាំ២០២០។

១១. ប្រទេសតួកគីយេ (Turkiye) បានប្ដូរឈ្មោះពីតួកគី (Turkey) នៅឆ្នាំ២០២១ ថ្មីៗនេះ។ ឈ្មោះតួកគីនោះត្រូវបានប្រើប្រាស់តាំងពីឆ្នាំ១៩២៣មកម្ល៉េះ៕