(ស៊ីដនី)៖ ក្រុមជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោន បានរងបរាជ័យលើកដំបូងនៅពានលំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2023-2024 ក្នុងចំណោម ៤ប្រកួតក្នុងពូល F នៅពេលចាញ់ម្ចាស់ផ្ទះ Macarthur FC ៥-០ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

ការប្រកួតដែលត្រូវបានធ្វើឡើងនាកីឡដ្ឋានស្ថិតក្នុងទីក្រុង Sydney នោះ ក្រុមលេងក្នុងលីគកំពូលអូស្រ្តាលី A-League បានធ្វើការដាក់សម្ពាធយ៉ាងខ្លាំងរហូតរកបាន ៣គ្រាប់ក្នុងវគ្គទី១ ក្រោយកញ្ចែបន្លឺចាប់ផ្តើមប្រកួតបើកឆាកជើងទី២ មុនពេល ១ប្រកួតទៀតក្នុងពូល F រវាងក្រុម Shan United ស្វាគមន៍ភ្ញៀវ Cebu FC នឹងធ្វើឡើងនាម៉ោង ៧យប់នេះ។

យ៉ាងណាក៏ដោយ ក្រោនដែលបានយកឈ្នះ Macarthur ៣-០ កាលពីជើងទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាខែតុលានោះ ក៏មានឱកាសច្រើនណាស់ដែរតាំងពីក្នុងវគ្គទី១ ប៉ុន្តែធ្វើមិនបានសម្រេច និងការស៊ុត ១ជើងពីចម្ងាយរបស់ Neto ចំរបារទី នៅពេលក្រុមម្ចាស់ផ្ទះបានបន្ថែម ២គ្រាប់នៅនាទីចុងម៉ោង។

ភ្នំពេញក្រោន បានស្គាល់រសជាតិចាញ់ និងរបូតគ្រាប់បាល់លើកដំបូងផងដែរ ក្នុងចំណោម ៤ប្រកួតនៃវគ្គសន្សំពិន្ទុនេះ ក្រៅពីស៊ុតទីគូប្រកួតបាន ១០គ្រាប់ផងដែរ ធ្លាក់មកឈរលេខ២ ជាបណ្តោះអាសន្នវិញ ដោយមាន ៩ពិន្ទុស្មើជាមួយក្រុមកំពូលតារាង Macarthur តែចាញ់គ្រាប់បាល់ចំណេញ ដ្បិតនៅសល់ ២ប្រកួតទៀតដូចគ្នា មុនពេលបញ្ចប់វគ្គសន្សំប្រចាំពូល F៕