(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតស្មាតហ្វូនកូរ៉េខាងត្បូង Samsung បានប្រកាសថា «យុគសម័យថ្មីនៃ Galaxy AI» នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ មានន័យថា អ្នកប្រើប្រាស់ស្មាតហ្វូនរបស់ Samsung ទាំងអស់នឹងលែងបារម្ភរឿងមិនចេះភាសាទៀតហើយ ដោយមុខងារ AI ចុងក្រោយនេះនឹងអាចបកប្រែភាសាផ្សេងៗបានភ្លាម បើទោះបីកំពុងនិយាយទូរស័ព្ទជាមួយគ្នាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

មុខងារថ្មីដែល Samsung បានប្រកាសនេះមានឈ្មោះថា «AI Live Translate Call» ដែលនឹងប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបកប្រែភាសាក្នុងអំឡុងពេលជជែកគ្នាជាមួយដៃគូម្ខាងទៀតតាមរយៈការហៅទូរស័ព្ទ។ Samsung បានបង្ហើបថា Galaxy AI ថ្មីនេះនឹងចេញមកជាមួយនឹងកម្មវិធីផ្ទាល់ខ្លួន ដោយមិនត្រូវការជំនួយពីកម្មវិធីបកប្រែផ្សេងនោះទេ ដូច្នេះមានន័យថា ត្រកូល Galaxy ជំនាន់ក្រោយរបស់ Samsung នឹងមានកម្មវិធី AI ផ្ទាល់ខ្លួនក្នុងការភ្ជាប់ទំនាក់ទំនងទៅនឹងការហៅទូរស័ព្ទរបស់គេ។

តែជុំវិញបញ្ហានេះនៅមិនទាន់ច្បាស់នោះទេថា Samsung នឹងអនុញ្ញាតឱ្យ «AI Live Translate Call» នេះអាចបកប្រែជាសម្លេងភ្លាមៗពីដៃគូម្ខាង ទៅដៃគូម្ខាងទៀត ឬប្រើ App ដើម្បីសរសេរការបកប្រែទាំងនោះ ឬយ៉ាងណា។ ខណៈដែលការប្រកាសខាងលើនេះ Samsung មិនបានបញ្ជាក់លម្អិតនោះទេ ប៉ុន្តែត្រូវបានគេលើកឡើងថា ប្រសិនបើ Samsung បញ្ចេញកម្មវិធី AI បកប្រែផ្ទាល់ខ្លួននោះ កម្មវិធីបកប្រែផ្សេងៗនឹងអាចបាត់ចេញពីត្រកូល Galaxy ជំនាន់ក្រោយ។

គួរជម្រាបដែរថា Galaxy AI របស់ Samsung ត្រូវបានគេរំពឹងថា នឹងមកដល់នៅដើមឆ្នាំក្រោយ ដែលវាអាចនឹងមាននៅលើត្រកូល Galaxy S24 ផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះ វានឹងមកជាមួយនឹងការផ្លាស់ប្តូរបទពិសោធន៍អ្នកប្រើប្រាស់ក្នុងការជជែកប្រចាំថ្ងៃបានកាន់តែងាយស្រួល រួមទាំងរក្សាឯកជនភាព និងសុវត្ថិភាពទិន្នន័យបានខ្ពស់ថែមទៀតផង៕