(កូរ៉េ)៖ ផែនការដែលឲ្យតារាចម្រៀង J-Hope សមាជិក BTS ធ្វើជាពិធីករក្នុងកម្មវិធីមួយរបស់យោធា គឺការប្រកួតប្រជែងចំអិនម្ហូបដោយយោធា គឺមិនត្រូវបានអនុញ្ញាតទេ ក្រោមបទបញ្ជាររបស់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straitstimes នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងនៅឯរដ្ឋសភាកាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Shin Won-sik បានបញ្ជាក់ពីការលុបចោលការចូលរួមរបស់តារា K-pop រូបនេះ។ លោកបាននិយាយថា ទោះបីជា J-Hope ល្បីល្បាញក៏ដោយ កាតព្វកិច្ចយោធារបស់លោក គួរតែដូចគ្នានឹងទាហានដទៃទៀតដែរ ពោលគឺមិនត្រូវបានផ្តល់ភារកិច្ចបន្ថែម ដល់ទាហានដែលមានកេរ្តិ៍ឈ្មោះជាតារាល្បីនោះទេ។

ការប្រកួតធ្វើម្ហូបយោធាអន្តរជាតិ ដែលរហូតមកទល់នឹងពេលនេះ គឺធ្វើជាលើកទី៤ហើយនោះ គឺត្រូវបានធ្វើឡើង ដើម្បីកំណត់អត្តសញ្ញាណ និងអបអរសាទរទេពកោសល្យធ្វើម្ហូប ក្នុងចំណោមយោធាកូរ៉េខាងត្បូង អាមេរិក និងសិង្ហបុរី។

J-Hope សមាជិក BTS បានចុះឈ្មោះបំពេញកាតព្វកិច្ចយោធក្នុងខែមេសា ឆ្នាំ២០២៣ ខណៈបច្ចុប្បន្នកំពុងបម្រើការជាជំនួយគ្រូ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជ្រើសរើសកងទ័ព ដែលជាផ្នែកមួយនៃការបម្រើជាតិរបស់តារារូបនេះ។ សមាជិក៣នាក់ ក្នុងចំណោមសមាជិកទាំងប្រាំពីរ នៃក្រុម BTS គឺ Jin, J-Hope និង Suga បានចាប់ផ្តើមបំពេញកាតព្វកិច្ចយោធា របស់ពួកគេរៀងៗខ្លួនហើយ ខណៈសមាជិកផ្សេងទៀង ហាក់កំពុងត្រៀមខ្លួននៅឡើយ៕