(មេនឆេស្ទើ)៖ កីឡាករចំនួន ២រូប របស់ក្លិបបិសាចក្រហម Manchester United គឺ Casemiro និង Lisandro Martinez នឹងត្រូវអវត្តមានពីទីលានយ៉ាងហោចណាស់រហូតដល់បុណ្យ Christmas ដែរ។ នេះបើតាមសម្តីអ្នកចាត់ការទូទៅលោក Erik ten Hag ហើយត្រូវបានចុះផ្សាយដោយគេហទំព័រកីឡា Livescore នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

បុរសសញ្ជាតិហូឡង់បានថ្លែងថា «ខ្ញុំមិនអាចព្យាករណ៍បានទេ ពីបញ្ហាដ៏លំបាកនេះ ក៏ព្រោះតែស្ថានភាពរបួសពួកគេធ្ងន់ធ្ងរដូចគ្នា ហើយក៏មិនរំពឹងថា ពួកគេអាចត្រឡប់មកលេងវិញបាន មុនថ្ងៃបុណ្យ Christmas ដែរ»។

ខ្សែបម្រើសញ្ជាតិប្រេស៊ីល Casemiro បានរងរបួសក្នុងពេលបំពេញតួនាទីលេងឲ្យជម្រើសជាតិកាលពីខែតុលា និបានលេងត្រឹមតែ ៤៥នាទីប៉ុណ្ណោះនៅពេល Man Utd ចាញ់ក្នុងពាន Carabao Cup កាលសប្តាហ៍មុន ក្រោមថ្វីជើងក្រុមភ្ញៀវសារិកាព្រៃ Newcastle United។

ជាមួយគ្នានោះ កីឡាករ Martinez បានអវត្តមានរហូតចាប់តាំងពីការបរាជ័យ ៤-៣ ក្រោមថ្វីជើងក្រុមអាល្លឺម៉ង់ Bayern Munich នាខែកញ្ញាក្នុងពាន Champions League និងបានវះកាត់ជើងផងដែរ។

អតីតក្រុមជើងឯក Champions League ឆ្នាំ២០០៨ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្លិប Luton Town នៅ Premier League នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ក្នុងប្រកួតទី១២ ជើងទី១ គ្រាដែលពួកគេឈរនៅលេខ៨ និងគូប្រជែងស្ថិតនៅលេខរៀងទី១៧ បណ្តោះអាសន្ន៕