(បរទេស)៖ ថ្មីៗនេះកម្មវិធីផ្ញើសារ WhatsApp បានបញ្ចេញកំណែចុងក្រោយបំផុតរបស់ខ្លួននៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ដែលផ្តល់ជូនអ្នកប្រើប្រាស់នូវមុខងារលាក់ IP address ដោយមិនឱ្យដៃគូម្ខាងទៀតឃើញទិន្នន័យទីតាំងរាល់ពេលនិយាយទូរស័ព្ទជាមួយគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

មុខងារថ្មីនេះនឹងចេញមកជាមួយនូវសមត្ថភាពពិសេសដែលអាចលាក់ IP Address ឬទីតាំងដែលកំពុងនិយាយបានពីដៃគូមា្ខងទៀត តាមរយៈ WhatsApp Severs។ ដូចដែលបានដឹងរួចមកហើយថា បណ្តាលប្រទេសមួយចំនួនជាពិសេសប្រទេសលោកខាងលិចមានកង្វល់ខ្លាំងណាស់ទាក់ទងនឹង ការលេចធ្លាយព័ត៌មានឯកជន ដែលរួមមានទិន្នន័យអំពី ទីតាំង លេខទូរស័ព្ទ នឹងអាយុជាដើម ដែលបង្ខំឱ្យបណ្តាញផ្សាយសង្គម ឬកម្មវិធីផ្ញើសារធំៗមួយចំនួនត្រូវតែពង្រឹងទៅលើមុខងារឯកជនភាពនៅលើកម្មវិធីរបស់ពួកគេ។

តាមរយៈការរឹតបន្តឹងផ្សេងៗ WhatsApp ដែលជាបុត្រសម្ព័ន្ធរបស់ Meta Platform បានដាក់ចេញនូវមុខងារថ្មីៗជាបន្តបន្ទាប់។ ជាក់ស្តែងការធ្វើបច្ចុប្បន្នភាពមុខងារចុងក្រោយនេះ WhatsApp ក៏បានបញ្ជាក់ផងដែលថា ខ្លួនកំពុងតែធ្វើតេស្តសាកល្បងទៅលើមុខងារថ្មីមួយបន្ថែមទៀត ដែលអនុញ្ញាតឱ្យបិទសម្លេង ក៏ដូចជាបិទការជូនដំណឹងអំពីការខលពីគណនីដែលពុំស្គាល់។ មិនត្រឹមតែប៉ុណ្ណោះ មុខងារថ្មីចុងក្រោយនេះក៏អាចទប់ស្កាត់ការលួចចូលពីពួក cyber-attacks តាមអ៊ីនធឺណិតផងដែរ។

ដូច្នេះដើម្បីអាចដំឡើងទៅកំណែចុងក្រោយរបស់ WhatsApp បានអ្នកប្រើប្រាស់ត្រូវចូលទៅកាន់កម្មវិធី WhatsApp> Tap Setting> Go to Privacy> Select Advanced> Tap Protect address in calls ជាការស្រេច៕