(អេឌីនបឺក)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡេន នឹងអវត្តមានកីឡាករជួរមុខ ៤រូបក្នុងប្រកួតទល់នឹងហ្សកហ្ស៊ី និងន័រវេស នៃវគ្គជម្រុះពានអឺរ៉ុប Euro 2024 ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ ដែលធ្វើឡើងនាសប្តាហ៍ក្រោយ។

ពួកគេនឹងបាត់បង់ប្រធានក្រុម Andy Robertson, អ្នកចាំទី Angus Gunn និងខ្សែការពារ Kieran Tierney និង Aaron Hickey ផងដែរសម្រាប់ ២ប្រកួតចុងក្រោយពីក្នុងពូល A។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

កីឡាករចាំទី Gunn បានលេងត្រឹមតែ ៣១នាទីប៉ុណ្ណោះសម្រាប់ក្លិប Norwich City ចាប់តាំងពីការបរាជ័យរបស់ស្កុតឡេន នៅប្រទេសអេស្ប៉ាញក្នុងខែតុលា ស្របពេលខ្សែការពារ Hickey មានបញ្ហាសរសៃពួរក្នុងពេលហ្វឹកហាត់ជាមួយក្លិប Brenford កាលពីសប្តាហ៍មុន។

ចំណែកឯកីឡាករ Robertson របស់ក្លិបហង្សក្រហម Liverpool វិញ បានរងរបួសស្មា នៅពេលខ្សែការពារ Tierney របស់ក្លិប Real Sociedad មានបញ្ហារបួសសរសៃពួរ។
សូមជម្រាបថា ស្កុតឡេន នឹងធ្វើដំណើរទៅប៉ះក្រុមម្ចាស់ផ្ទះហ្សកហ្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ មុនពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុមន័រវេសនៅកីឡដ្ឋាន Hampden ៣ថ្ងៃបន្ទាប់ គ្រាដែលពួកគេទទួលបានកៅអីទៅលេង Euro 2024 នៅអាល្លឺម៉ង់ នារដូវក្តៅក្រោយរួចរាល់ហើយ។ ស្កុតឡេនដែលដឹកនាំដោយលោក Steve Clarke បានបរាជ័យក្នុងជំនួបធំ ៣លើកចុងក្រោយជាប់ៗគ្នាពេលជួបអង់គ្លេស អេស្ប៉ាញ និងបារាំង៕