(ឡុងដ៍)៖ លោក Robert Garland អ្នកគាំទ្រដ៏សកម្មម្នាក់របស់ក្រុម Crystal Palace ត្រូវបានតុលាការអង់គ្លេស ដាក់បម្រាមមិនធ្វើឲ្យទស្សនា និងធ្វើសកម្មភាពទាំងឡាយណាទាក់ទងនឹងបាល់ទាត់រយៈពេល ៣ឆ្នាំ ពីបទស្រែកជេរប្រមាថជាតិសាសន៍ទៅលើកីឡាករកូរ៉េខាងត្បូង Son Heung-min កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។

បុរសវ័យ ៤៤ឆ្នាំខាងលើនេះ បានសារភាពពីទោសកំហុសរបស់ខ្លួនកាលពីខែសីហា ថាខ្លួនពិតជាបានស្រែកខ្លាំងៗ ក្នុងន័យតិះដៀលជាតិសាសន៍ទៅ Son នាអំឡុងខែឧសភាពិតមែន ដែលភ្លាមៗនោះ លោកក៏ត្រូវបានពិន័យតាមរយៈការកាត់ប្រាក់ម៉ោងធ្វើការចំនួន ៦០ម៉ោង បន្ថែមលើពិន័យជាប្រាក់ចំនួន ១៣៨៤ផោនទៀតដែរ។

សកម្មភាពរបស់លោក Garland រើសអើងជាតិសាសន៍ទៅលើ Son គឺនៅពេលប្រធានក្រុម Spurs រូបនេះ ត្រូវបានប្តូរចេញនៅនាទី៨៩ ក្នុងប្រកួតដែលក្រុមមាន់ខ្នាយមាស Totenham Hotspur បានទទួលជ័យជម្នះ ១-០ ទៅលើ Crystal Palace ក្នុងលីគនាអំឡុងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។

ដូចគ្នានោះដែរ ក្របខណ្ឌលីគ Premier League ក៏បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះចំណាត់ការនេះដែរ ដោយមានន័យថា «លោក Robert Garland នឹងមិនអាចចូលរួមទស្សនាក្នុងប្រកួតណាមួយឡើយជាលក្ខណៈលីគ រយៈពេល ៣ឆ្នាំ និងតម្រូវឲ្យមានការបង្ហាញលិខិតឆ្លងដែនផងដែរ ក្នុងករណីទស្សនាប្រកួតជាលក្ខណៈអន្តរជាតិនានា»