(ម៉ូនិច)៖ គិតត្រឹមពេលនេះ UEFA បានរកឃើញ ៤ក្រុមបន្ថែមទៀត ក្នុងការឡើងទៅលេងវគ្គ ១៦ក្រុមចុងក្រោយពាន រង្វាន់អឺរ៉ុប UEFA Champions League នៅពេលបញ្ចប់ប្រកួតសន្សំពិន្ទុលើកទី៤ តាមពូលនីមួយៗនាយប់មិញនេះ។

Real Madrid ដែលជាអតីតជើងឯក UCL ១៤សម័យកាលច្រើនជាងគេនោះ យកបាន ៣ពិន្ទុដោយស្រួលពីក្រុមភ្ញៀវមកពីព័រទុយហ្គាល់ Sporting Braga ក្នុងលទ្ធផល ៣-០ ដោយរក្សាកំណត់ត្រាលេង ៤ប្រកួតនៃវគ្គសន្សំពិន្ទុប្រចាំពូល C មិនចាញ់ឡើយ និងបានចូលរួមជាមួយ RB Leipzig និងក្រុមការពារតំណែងជើងឯក Manchester City ក្នុងការឡើងទៅវគ្គចាញ់ធ្លាក់បន្តទៀតដែរ។

នេះក៏ជាលើកទី២៦ ជាប់ៗគ្នាផងដែរ ដែលក្រុមអធិរាជសមួយនេះ បានឆ្លងផុតវគ្គចែកពូល ក្នុងការឡើងទៅលេងវគ្គ បន្តទៀត ជាមួយនឹងការធ្វើបានតាមរយៈលេង ៩ប្រកួតក្នុងដីចុងក្រោយមិនចាញ់ឡើយក្នុងពានអឺរ៉ុបមួយនេះទៀតផង។

ដូចគ្នានោះដែរ ក្រុមជើងឯកអាល្លឹម៉ង់ Bayern Munich ក៏ធ្វើបានល្អដូចគ្នាផងដែរ ដោយបន្តឈ្នះក្នុងប្រកួតទី៤ បើកឆាកជើងទី២ នៃពាន UCL នៅពេលយកឈ្នះក្រុមភ្ញៀវមកពីតួកគី Galatasaray ២-១ រកបាន ១២ពិន្ទុពេញនាំមុខកំពូលនៃពូល A ដាច់ផងដែរ នៅពេលខ្សែប្រយុទ្ធចំណូលថ្មីរបស់ពួកគេ Harry Kane រកបានទាំង ២គ្រាប់តែម្តងនៅទឹកដី Allianz Arena នាយប់មិញនេះ។

នេះមានន័យថា ប្រធានក្រុមជម្រើសជាតិអង់គ្លេសមួយនេះ កើនគ្រាប់ស៊ុតដល់ទៅ ១៩គ្រាប់ ពីការចូលលេងបានចំនួន ១៥ប្រកួតគ្រប់កម្មវិធីជាមួយក្លិបខ្លារខិនសម្រាប់រដូវកាលនេះ ស្របពេល Real Sociedad និង Inter Milan ក៏ដឹកដៃគ្នា ឡើងវគ្គ ១៦ក្រុម UCL ដែរ បន្ទាប់ពីយកឈ្នះគូប្រកួត Benfica និង FC Salzburg នាយប់មិញនេះប្រចាំពូល D៕