(ស៊ីដនី)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវប្រកួតជើងទី២ នៃពានរង្វាន់អាស៊ី AFC Cup 2023-24 ពូល F ទល់នឹង Macarthur FC នៅលើទឹកដីអូស្ដ្រាលីវិញនាម៉ោង ៣រសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះក្នុងកីឡដ្ឋាន Campbelltown Sports ស្ថិតក្នុងទីក្រុងស៊ីដនី។

នេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមជើងឯកលីគកំពូលកម្ពុជា ៨សម័យ ដែលត្រូវការយ៉ាងហោច ១ពិន្ទុ ដើម្បីក្ដោបឱកាសឆ្លងផុតវគ្គចែកពូលនៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ បន្ទាប់ពីភ្នំពេញក្រោន បានយកឈ្នះក្រុមខ្លាំង Macarthur FC ៣-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ កាលពីចុងខែតុលាកន្លងទៅ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បាននិយាយជុំវិញការប្រកួតខាងលើថា «យើងចង់ឡើងទៅកាន់វគ្គបន្ត ដូច្នេះការប្រកួតនេះ គឺជាការប្រកួតដ៏សំខាន់សម្រាប់យើង។ នៅពេលនេះយើងមានឱកាសក្នុងការឡើងទៅជុំបន្ទាប់ ដូច្នេះយើងសង្ឃឹមថា នឹងអាចធ្វើបាន ហើយវានឹងក្លាយទៅជារឿងប្រត្តិសាស្រ្តផងដែរ»

លោក Oleg បន្ថែមថា «អ្វីៗដែលកើតឡើងពីមុនយើងមិនផ្តោតអារម្មណ៍ទេ បើទោះបីជាយើងឈ្នះគេ ៣-០ ក៏ដោយនៅក្នុងដីរបស់យើង។ ថ្ងៃនេះគឺជាការប្រកួតដ៏ពិបាកបំផុត។ ខ្ញុំរំពឹងថា វានឹងក្លាយជាការប្រកួតដែលលំបាកខ្លាំង Macarthur គេចំណេញច្រើនសម្រាប់ការប្រកួតក្នុងដីនេះ ប៉ុន្តែយើងក៏ត្រូវរក្សាគុណភាពនៃការលេងរបស់យើងដូចគ្នា»

បែបនេះក្ដីលោកក៏ហាក់មានក្ដីបារម្ភចំពោះបញ្ហាអាកាសធាតុ និងការហត់នឿយកំឡុងពេលធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងស៊ីដនី ដែលចំណាយពេលជាង ១០ម៉ោងផងដែរ។ គ្រូបង្វឹកដដែលបន្ដថា «យើងបានធ្វើដំណើរច្រើនម៉ោងណាស់ ដើម្បីមកដល់ទីនេះ ហើយមានភាពខុសគ្នាច្រើនទាំងអាកាសធាតុ និងទីតាំងផងដែរ ដូច្នេះវាជារឿងពិបាក»

គួរដឹងថា បច្ចុប្បន្ន ភ្នំពេញក្រោនកំពុងគ្រងកំពូលតារាង ក្រោយឈ្នះ ៣ប្រកួតជាប់ៗគ្នាក្នុងពូល និងរកបាន ៩ពិន្ទុពេញ តាមពីក្រោយដោយក្រុម Macarthur FC ដែលទើបរកបាន ៦ពិន្ទុ មុនការប្រកួតរសៀលនេះ។ បន្ទាប់ពីការប្រកួតនេះ ភ្នំពេញក្រោននៅសល់ ២ប្រកួតទៀត ដែលត្រូវជួបក្រុម Cebu FC របស់ហ្វីលីពីន នាថ្ងៃទី៣០-វិច្ឆិកា មុនជំនួបកាត់សេចក្ដីជាមួយក្រុម Shan United របស់មីយ៉ាន់ម៉ា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ៕