(រីយ៉ាដ)៖ លោក Nuno Espirito Santo អតីតគ្រូបង្វឹកក្លិបអង់គ្លេស Tottenham Hotspur នៅពេលនេះ ត្រូវបានក្លិបជើងឯក Saudi Pro League របស់អារ៉ាប៊ីសាអូឌីតគឺ Al-Ittihad សម្រេចបញ្ចប់ទំនាក់ទំនងជាផ្លូវការហើយចាប់ពីថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

បុរសសញ្ជាតិព័រទុយហ្គាល់ វ័យ ៤៩ឆ្នាំរូបនេះ បានដឹកនាំ Al-Ittihad មានរយៈពេល ១៦ខែដោយឈ្នះពានបាន២ ផងដែររួមមាន Saudi Super Cup និង Pro League មុនពេលទទួលបានលទ្ធផលមិនសូវគាប់ប្រសើរឡើយក្នុងរដូវកាលនេះ។

Al-Ittihad បានលេងឈ្នះតែ ៦លើក ក្នុងចំណោម ១២ប្រកួតក្នុងលីគសម្រាប់រដូវកាលនេះ ជាមួយនឹងការរងបរាជ័យ ២-០ ផងដែរក្រោមថ្វីជើងរបស់ Air Force Club របស់អ៊ីរ៉ាក់ ក្នុងពានរង្វាន់ AFC Champions League កាលពីថ្ងៃចន្ទ ដែលឈានដល់ការដកតំណែងធំនេះ និងដាក់ជំនួយការរបស់លោក គឺលោក Hassan Khalifa ដើម្បីដឹកនាំបណ្តោះអាសន្នវិញ។

អតីតខ្សែបម្រើ Liverpool គឺ Fabinho និងអតីតកីឡាករ Chelsea និង Leicester City, N’Golo Kante បានកំពុងលេងឲ្យ Al-Ittihad ដែលពួកគេកំពុងឈរនៅលេខ៦ ក្នុងលីគដែលត្រូវប៉ះក្រុម Abha នៅរាត្រីថ្ងៃសុក្រសប្តាហ៍នេះ៕