(ម៉ាឌ្រីដ)៖ ក្លិបបាល់ទាត់អធិរាជស Real Madrid បានដាក់តម្លៃទិញផ្តាច់កិច្ចសន្យាដល់ខ្សែបម្រើ Eduardo Camavinga ដល់ទៅចំនួន ១ពាន់លានអឺរ៉ូ ក្រោយបន្តកិច្ចសន្យាថ្មីដល់រូបគេរហូតឆ្នាំ២០២៩ នាថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅចាំបានថា កីឡាករអន្តរជាតិបារាំង វ័យ ២០ឆ្នាំខាងលើនេះ បានផ្លាស់ចេញពីក្លិប Rennes ដើម្បីមកចូលរួមជាមួយក្លិបលេងនៅ La Liga មួយនេះនាអំឡុងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដោយបង្ហាញខ្លួនសរុបបាន ១១៤ប្រកួត និងលេង ១២ប្រកួតផងដែរសម្រាប់រដូវកាលនេះក្នុងលីគកំពូលអេស្ប៉ាញ។

២រដូវកាលដំបូងជាមួយ Real Madrid, Camavinga បានឈ្នះពាន៦ ដោយក្នុងនោះដែរ ក៏មានពានធំ UEFA Champions League នារដូវកាលឆ្នាំ២០២១-២០២២ ថែមទៀតផង ដែលរូបគេបានចូលលេងក្នុងនាមកីឡាករបម្រុង នៃវគ្គផ្តាច់ព្រ័ត្រទល់នឹងហង្សក្រហម Liverpool នាឆ្នាំ២០២២។

Camavinga បានចុះកិច្ចសន្យាលេងនៅ Bernabeu រយៈពេល ៦ឆ្នាំ ក្រោមតម្លៃផ្ទេរប្រមាណ ២៧លានផោនពីក្លិបលេងនៅ Ligue 1 ដែលនឹងផុតកំណត់កិច្ចសន្យាចាស់នៅឆ្នាំ២០២៧ មុនពេលសម្រេចកិច្ចសន្យា ២រដូវកាលបន្ទាប់នាពេលនេះ ក្រោយពេលមិត្តរួមក្រុមមានដូចជា Rodrygo និង Vinicius Jr ទើបតែបានបន្តកិច្ចសន្យារយៈពេលវែងជាមួយ Real Madrid នាពេលថ្មីៗនេះដែរ៕