(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Realme បានបង្ហើបថា កំពូលស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួន ម៉ូដែល Realme GT5 Pro ដែលត្រៀមចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះ នឹងត្រូវបានបំពាក់ដោយអេក្រង់ប្រភេទថ្មីដែលមានកម្រិតពន្លឺភ្លឺខ្លាំងរហូតដល់ 3,000nits ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមរយៈការបង្ហាញចុងក្រោយនេះ Realme GT5 Pro ក្លាយជាស្មាតហ្វូនដែលមានអេក្រង់ភ្លឺជាងគេបំផុត បើធៀបនឹងស្មាតហ្វូនជំនាន់មុនៗរបស់ខ្លួន ក៏ដូចជាក្រុមហ៊ុនផលិតស្មាតហ្វូនធំៗផ្សេងទៀតដូចជា Samsung និង Apple ជាដើម។ ជាក់ស្តែងចំពោះម៉ូដែល Realme GT2 Pro ដែលស្ថិតក្នុងក្រុមហ៊ុនតែមួយត្រូវបានបំពាក់គេដោយអេក្រង់កម្រិតពន្លឺ 1,300nits ចំណែកក្រុមហ៊ុនកូរ៉េ Samsung ម៉ូដែល Galaxy S23 Ultra ត្រូវបានបំពាក់ដោយអេក្រង់មានពន្លឺ 1,750nits និងក្រុមហ៊ុនអាមេរិក Apple ម៉ូដែល iPhone 15 Pro Max ត្រូវបានបំពាក់ដោយអេក្រង់មានកម្រិតពន្លឺ 2,000nits។

មិនត្រឹមតែប៉ុណ្ណោះអេក្រង់ថ្មីនេះក៏ត្រូវបានគេបង្ហើបផងដែលថា ទទួលបានការផ្គត់ផ្គង់ពី BOE ដែលជាក្រុមហ៊ុនតែមួយដូចគ្នាទៅនឹង Apple ហើយវាមានមុខងារពិសេសៗមួយចំនួនរួមមាន កម្រាស់អេក្រង់ ឬ Bezels មានលក្ខណៈស្តើងខ្លាំង ជ្រុងសងខាងមានរាងកោង និងមានកម្រិតភាពច្បាស់រហូតដល់ 1220p ចំណែកឯផ្នែក refresh rate វិញជាប្រភេទមានគុណភាពខ្ពស់ផងដែរ។

គួរជម្រាបដែរថា ខាងលើនេះគឺជាផ្នែកមួយដែល Realme បង្ហើបប៉ុណ្ណោះ ចំពោះមុខងារលម្អិត ក៏ដូចជាពេលវេលាប្រកាសបង្ហាញជាផ្លូវការវិញ Realme នៅមិនទាន់បញ្ជាក់នៅឡើយនោះទេ៕