(ភ្នំពេញ)៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នឹងបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ៣៧នាក់ ចូលរួមការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក លើកទី៧ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូខាងមុខ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ លោក អ៊ូ រតនា ប្រធានសហព័ន្ធ បានបង្ហាញការជឿជាក់ និងដាក់ក្ដីរំពឹងខ្ពស់លើអត្តពលិករបស់ខ្លួន ក្នុងការប្រជែងមេដាយជូនជាតិ ទោះបីការប្រកួតឆ្នាំនេះ មានប្រទេសថ្មីៗចូលរួមច្រើនក៏ដោយ។

ការបង្ហាញសុទិដ្ឋិនិយមនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាល លើកទឹកចិត្ត និងជូនដំណើររបស់ថ្នាក់ដឹកនាំសហព័ន្ធ ក៏ដូចជាការឧបត្ថម្ភនូវសម្ភារៈមួយចំនួនរបស់ក្រុមហ៊ុន វីនីតុន គ្រុប ដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិវ៉ូវីណាមកម្ពុជា នៅអាគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅថ្ងៃទី០៨ ខែវិច្ឆិកានេះ មុនពួកគេចេញទៅបោះជំរំហ្វឹកហាត់នៅវៀតណាម នាព្រឹកថ្ងៃព្រហស្បតិ៍ស្អែក ដើម្បីត្រៀមការប្រកួតជើងឯកពិភពលោកនាពេលដ៏ខ្លីខាងមុខ។

លោក អ៊ូ រតនា បានគូសបញ្ជាក់ថា បន្ទាប់ពីចប់ស៊ីហ្គេម ដោយពុំមានការប្រមូលផ្ដុំ ស្របពេលសហព័ន្ធមានភារកិច្ចចូលរួមប្រកួតជើងឯកពិភពលោកនៅចុងឆ្នាំ សហព័ន្ធក៏បានខ្នះខ្នែងជំរុញ និងរៀបចំការហ្វឹកហាត់ដល់កីឡាករ-កីឡាការិនីរបស់ខ្លួន ដើម្បីរក្សានូវគុណផលត្រៀមការប្រកួត។ ជាក់ស្ដែងមុនការប្រកួត ២សប្ដាហ៍ សហព័ន្ធថែមទាំងបញ្ជូនពួកគេទៅប្រមូលផ្ដុំហ្វឹកហាត់មុន នៅទីក្រុងហូជីមិញ ដើម្បីត្រៀមលក្ខណៈបានកាន់តែល្អប្រសើរ តែក៏ជាបន្ទុកមួយធ្ងន់សម្រាប់សហព័ន្ធដែរ។

លោកថា «បេសកកម្មនេះ យើងបានដាក់ក្ដីរំពឹងលើគ្រប់អត្តពលិក យើងមិនចង់បញ្ជូនគិតទៅ មានតែបរិមាណ តែអត់គុណភាពទេ។ ការប្រកួតស៊ីហ្គេម យើងបានជោគជ័យ តែជើងឯកពិភពលោកចុងឆ្នាំនេះ ដោយសារមិនមានការប្រមូលផ្ដុំ។ ដូច្នេះដើម្បីពង្រឹងឲ្យពួកគាត់មានសក្ដានុពល សហព័ន្ធក៏សម្រេចចិត្តក្នុងការបញ្ជូនពួកគាត់ទៅធ្វើការប្រមូលផ្ដុំហ្វឹកហាត់នៅវៀតណាម ដែលជាបន្ទុកធ្ងន់មួយ ដើម្បីជួយដល់ពួកគាត់។ អ្វីដែលយើងធ្វើនេះ គឺយើងចង់បានលទ្ធផលល្អ។

«ក្នុងនាមសហព័ន្ធ យើងរំពឹងថា អត្តពលិករបស់យើង ចេញទៅប្រកួតលើកនេះ នឹងអាចទទួលបានលទ្ធផលល្អ។ បើនិយាយពីការកំណត់មេដាយ យើងមិនអាចកំណត់បានទេ ព្រោះជើងឯកពិភពលោក មិនមែនជាការប្រកួតកម្រិតតំបន់ ឬអាស៊ីទេ មានអត្តពលិកមកពីគ្រប់ទ្វីប ហើយឆ្នាំនេះ មានប្រទេសថ្មីៗចូលរួមទៀត។ អ៊ីចឹងការប្រកួតនេះ នឹងមានភាពតានតឹង សម្រាប់អត្តពលិកយើង តែខ្ញុំជឿជាក់ថា ប្អូនៗនឹងបង្ហាញពីសមត្ថភាព និងការប្រឹងប្រែងរបស់ខ្លួន ក្នុងការប្រកួតនាពេលដ៏ខ្លីខាងមុខ»។ លោក អ៊ូ រតនា បន្ថែម។

គួរដឹងថា កាលពីឆ្នាំ២០២១៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៦ ក្រុមកីឡាវ៉ូវីណាមកម្ពុជា គឺបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងចំណោមអត្តពលិកជាង ២០ប្រទេស ដោយដណ្ដើមបានមេដាយសរុប ៣១គ្រឿង រួមមានមេដាយមាស ៩ ប្រាក់ ១០ និងសំរឹទ្ធ ១២គ្រឿង។ ប៉ុន្ដែឆ្នាំ២០២១ ពុំមានការប្រកួតនោះទេ ដោយសារវិបត្តិកូវីដ-១៩ រហូតដល់ឆ្នាំ២០២៣ នេះ ទើបមានការប្រកួតជើងឯកពិភពលោកនេះឡើងវិញ ដែលវៀតណាមធ្វើម្ចាស់ផ្ទះ៕