(ឡុងដ៍)៖ ខ្សែប្រយុទ្ធក្លិប Tottenham Hotspur កីឡាករ Richarlison បានលើកឡើងនៅថ្ងៃចន្ទថា លោកនឹងទទួលការវះកាត់អាងត្រគាក (pelvic) នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

Richarlison បានអង្គុយកៅអីបម្រុងនៃជំនួបដែលមាន់ខ្នាយមាស Spurs បរាជ័យ ៤-១ ក្រោមថ្វីជើងតោខៀវ Chelsea ក្នុងលីគកាលពីរាត្រីថ្ងៃចន្ទ គ្រាដែលកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ បានពុះពារជាមួយនឹងទម្រង់លេងមិនល្អ ដោយរកមិនទាន់បានមួយគ្រាប់នារដូវកាលនេះទេ។

លោកបានថ្លែងប្រាប់ ESPN របស់ប្រេស៊ីលថា «ប៉ុន្មានខែចុងក្រោយនេះ វាមិនងាយស្រួលទេសម្រាប់ខ្ញុំ។ ខ្ញុំមានបញ្ហាសុខភាពខ្លាំងណាស់។ ខ្ញុំបានជួបជាមួយវេជ្ជបណ្ឌិត ហើយឆាប់ៗនេះ ខ្ញុំនឹងវះកាត់ត្រគាកតែម្តង។ ខ្ញុំមានការឈឺចាប់ ពេលអំឡុងលេងឲ្យជម្រើសជាតិ និងក្លិបរបស់ខ្ញុំអស់រយៈពេល ៨ខែមកនេះ ដោយមិនបានខ្វល់ខ្វាយអំពីខ្លួនឯងនោះទេ»

កីឡាករវ័យ ២៦ឆ្នាំរូបនេះ ក៏បានលើកឡើងដែរថា លោកយល់ពីការសម្រេចចិត្តរបស់អ្នកចាត់ការក្រុមសាំបាប្រេស៊ីល គឺលោក Fernando Diniz ដែលមិនជ្រើសរើសរូបលោកសម្រាប់ការប្រកួតជម្រុះ World Cup ពេលប៉ះអាហ្សង់ទីន និងកូឡុំប៊ី ដោយសារទម្រង់របស់លោកកំពុងធ្លាក់ចុះ៕