(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla គ្រោងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មរថយន្តអគ្គិសនីមួយដែលមានតម្លៃទាបជាង ២៧០០០ដុល្លារនៅរោងចក្ររបស់ខ្លួនដែលមានទីតាំងស្ថិតនៅជិតទីក្រុងប៊ែឡាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

នេះជាលើកទី១ ហើយដែល Tesla ប្រកាសដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលបែបនេះដល់ប្រជាជនអឺរ៉ុប។ បើយោងតាមក្រុមហ៊ុនស្រាវជ្រាវរថយន្ត JATO Dynamics បានឱ្យដឹងថា តម្លៃដាក់រថយន្តអគ្គិសនីនៅអឺរ៉ុបគឺមានតម្លៃថ្លៃជាងប្រហែលពាក់កណ្តាលបើធៀបទៅនឹងរថយន្តដូចគ្នាដែលបានដាក់លក់នៅប្រទេសចិន។ ជាក់ស្តែងសម្រាប់តម្លៃលក់រាយជាមធ្យមនៃរថយន្តអគ្គិសនីនៅអឺរ៉ុបក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះមានតម្លៃជិត ៧ម៉ឺនដុល្លារឯណោះ ចំណែកឯតម្លៃដាក់លក់ក្នុងប្រទេសចិនមានប្រមាណ ៣៣០០០ដុល្លារប៉ុណ្ណោះ។

យ៉ាងណាមិញជុំវិញព័ត៌មានលម្អិតទាក់ទងនឹងម៉ូដែលរថយន្ត រួមទាំងពេលវេលាចាប់ផ្តើមសង្វាក់ផលិតកម្ម ក្រុមហ៊ុន Tesla នៅមិនទាន់មានការអត្ថាធិប្បាយនោះទេ។ ប៉ុន្តែក្រោយការប្រកាសនេះបានធ្វើឱ្យភាគហ៊ុន Tesla កើនឡើងខ្ពស់ដល់ទៅ ៣ភាគរយឯណោះនៅទីផ្សារសហរដ្ឋអាមេរិក។

គួរជម្រាបដែរថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk មានគម្រោងមកយូរហើយក្នុងការផលិតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យបែបនេះ ប៉ុន្តែនៅអំឡុងឆ្នាំ២០២២ ដោយសារវិបត្តិសេដ្ឋកិច្ចក្រុមហ៊ុនត្រូវកាត់បន្ថយចំណាយផ្សេងៗ ទើប Tesla សម្រេចបញ្ឈប់គម្រោងនេះវិញ៕