(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង វើក នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានអ្នកឧកញ៉ា លាង ម៉េង ជាសហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក នៅរសៀលថ្ងៃទី០៥ វិច្ឆិកា ២០២៣ បានចុះកិច្ចព្រមព្រៀង ធ្វើជាម្ចាស់ឧបត្ថម្ភធំផ្ដាច់មុខក្នុងការប្រកួតកីឡាបាល់ទះដណ្ដើមពាន់រង្វាន់សម្ដេច ក្រឡាហោម ស ខេង ឆ្នាំ២០២៣ ជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

កម្មវិធីនេះ មានការចូលរួមពីលោកបណ្ឌិត អាំង សិរីពិសិដ្ឋ ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាតំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយអ្នកឧកញ៉ា លាង ម៉េង និងឧត្ដមភរិយា ប្រកបដោយបរិយាកាស រីករាយ និងស្និទ្ធស្នាល នៅផ្សារ ជីប ម៉ុង ២៧១ មេហ្គា ម៉ល រាជធានីភ្នំពេញ។

ក្នុងសន្និសីទសារព័ត៌មាននោះដែរ អ្នកឧកញ៉ា លាង ម៉េង និងលោកបណ្ឌិត អាំង សិរីពិសិដ្ឋ ក៏បានចូលរួមចាប់ពូលប្រកួតផងដែរ។ ជាលទ្ធផល ការប្រកួតកីឡាបាល់ទះពានរង្វាន់សម្ដេច ក្រឡាហោម ស ខេង ឆ្នាំ២០២៣ នឹងរៀបចំឡើងដោយមានចំនួន ៨ពូល ហើយកម្មវិធីប្រកួតនឹងប្រប្រព្រឹត្តទៅនៅសាលវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

ភេសជ្ជៈប៉ូវកម្លាំង វើក ឧបត្ថម្ភប្រាក់រង្វាន់ជូនដល់កីឡាករបាល់ទះជ័យលាភីក្នុងការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣៖ លេខ ១ ចំនួនថវិកា ៥០លានរៀល, លេខ ២ ចំនួនថវិកា ២០លានរៀល និងលេខ ៣ ចំនួនថវិកា ១២លានរៀល។

អ្នកឧកញ៉ា លាង ម៉េង មានប្រសាសន៍ថា អ្នកឧកញ៉ា សង្កេតឃើញថាសហព័ន្ធកីឡាបាល់ទះកម្ពុជា ពិតជាបានរួមចំណែកបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះជាច្រើន ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ។ ហើយការរៀបចំផ្គូរផ្គងឱ្យមានការប្រកួតរវាងក្រុមបាល់ទះខ្លាំងៗ លំដាប់ប្រទេសទាំងនេះ គ្រប់រដូវកាលទាំងអស់នេះ បានបង្កើតក្រុមបាល់ទះ ជាពិសេសកីឡាករខ្លាំងៗលំដាប់កំពូល ក្នុងចំណោមក្រុមពូកែទូទាំងប្រទេសយ៉ាងពិតប្រាកដ។

បន្ថែមពីនេះ អ្នកឧកញ៉ា លាង ម៉េង ក៏បានផ្ញើសារដល់កីឡាករបាល់ទះថា ត្រូវតែបន្តបោះជំហ៊ានទៅមុខ កុំនៅមួយកន្លែង។ ចិត្តជាកីឡាករ ត្រូវតែបើកចិត្តឱ្យទូលាយ ប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ហ្វឹកហាត់ឱ្យបានជាប់លាប់តាមកាលវិភាគ និងការណែនាំរបស់គ្រូបង្វឹក។ ជាពិសេស គឺព្យាយាមស្វែងរកឱកាសចូលរួមប្រកួតឱ្យបានគ្រប់រដូវកាលជាមួយក្លឹប និងហ៊ានផ្លាស់ប្តូរបទពិសោធន៍ ជាមួយក្រុមល្បីៗ ដើម្បីទទួលបានបច្ចេកទេសថ្មីៗជានិច្ច។

ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលតែងតែគាំទ្រវិស័យកីឡានៅទូទាំងប្រទេសកម្ពុជា រូបនេះបន្ថែមថា កីឡាករយើង ពិតជាមានអ្នកមានសមត្ថភាពច្រើន តែនៅមិនទាន់ចាប់ឱកាសបានពេញលេញ ទៅមុខបានលឿននៅឡើយ។ ដូច្នេះ តាមរយៈការជួយឧបត្ថម្ភធំរបស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុន របស់សហគ្រិនខ្មែរ ហើយតែងតែប្ដេជ្ញា និងប្រឹងប្រែងគ្រប់រូបភាពដើម្បីលើកស្ទួយម៉ាកយីហោអាជីវកម្មរបស់ខ្មែរ ទៅកាន់ពិភពលោក អ្នកឧកញ៉ា លាង ម៉េង សង្ឃឹមយ៉ាងមុតមាំថា វិស័យកីឡាបាល់ទះកម្ពុជា នឹងកាន់តែរីកចម្រើនទៅមុខ ជាពិសេសលើឆាកអន្តរជាតិ៕