(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់ RB Leipzig និងក្រុមការពារតំណែងជើងឯក Manchester City បានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយដូចគ្នានៃពានរង្វាន់អឺរ៉ុប UEFA Champions League នៅពេលយកឈ្នះគូប្រជែងក្នុងប្រកួតទី៤ របស់ពួកគេដូចគ្នានាយប់មិញនេះ។

Man City របស់អង់គ្លេស បានរក្សាកំណត់ត្រាលេង ៤ប្រកួតសន្សំពិន្ទុប្រចាំពូល G មិនចាញ់ នៅពេលបន្តបំបាក់ Young Boys របស់ស្វីស ៣-០ នាកីឡដ្ឋាន Etihad យប់មិញទៀតក្នុងជើងទី២ ដ្បិតជើងទី១ ពួកគេក៏បានយកឈ្នះ ៣-១ ផងដែរនៅទឹកដីក្រៅផ្ទះ ដោយរកបាន ១២ពិន្ទុនាំមុខកំពូលតារាងដាច់ផងដែរ តាមពីក្រោយដោយ Leipzig ដែលមាន ៩ពិន្ទុ ក្រោយយកឈ្នះម្ចាស់ផ្ទះ FK Crvena Zvezda ២-១។

៣គ្រាប់របស់ក្រុមមេឃខៀវ Man City ក៏មាន ២គ្រាប់របស់កីឡាករពាក់លេខ៩ Erling Haaland ផងដែរ ដែលធ្វើឲ្យខ្សែប្រយុទ្ធអន្តរជាតិន័រវេសរូបនេះកើនគ្រាប់ស៊ុតនៅ UCL បាន ៣៩គ្រាប់ហើយ ពីការចូលលេងបាន ៣៤ប្រកួតទៀតផង។

យ៉ាងណាក៏ដោយ ក្រុមជើងឯកអង់គ្លេស Man City មួយនេះ ពុំទាន់ចាញ់ការប្រកួតណាមួយនៅឡើយទេប្រចាំឆ្នាំ២០២៣ ពីការលេងក្នុងផ្ទះនៃកីឡដ្ឋាន Etihad របស់ខ្លួន ដោយរកបានជ័យជម្នះទាំង ២៣ប្រកួតសរុបតែម្តងផងដែរ៕