(បរទេស)៖ នៅថ្ងៃចន្ទសប្តាហ៍នេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការថា ខ្លួនមិនមានគម្រោងបញ្ចេញ iMac ថ្មីទំហំ ២៧អ៊ីញជាមួយនឹង Apple Silicon ឬបន្ទះឈីប M3 ដូចដែលពាក្យចចាមអារ៉ាមនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រោយ Apple ប្រកាសចេញ iMac ២៤អ៊ីញជំនាន់ថ្មីដែលបំពាក់ដោយន្ទះឈីប M3 នៅក្នុងព្រឹត្តិការណ៍ «Scary Fast» កាលពីសប្តាហ៍មុន មានពាក្យចចាមអារ៉ាមជាច្រើនថា Apple កំពុងធ្វើការលើគម្រោង iMac ថ្មីដែលមានអេក្រង់ធំជាងបច្ចុប្បន្ននេះមួយប្រភេទទៀត។ ពោលគឺ iMac ទំហំ ២៧អ៊ីញដែលដំណើរការដោយបន្ទះឈីប M3 ដូចគ្នាមានកម្លាំងខ្លាំង និងមានល្បឿនលឿនជាងគេបំផុត ដោយសារតែមានការលើកឡើងថា iMac ២៤អ៊ីញបច្ចុប្បន្ននេះមានអេក្រង់តូចពេក។

តែយ៉ាងណាតាមរយៈសេចក្តីថ្លែងការណ៍ចុងក្រោយនេះ អ្នកតំណាងក្រុមហ៊ុន Apple PR ម្នាក់លោកស្រី Starlayne Meza បានបញ្ជាក់បន្ថែមថា នឹងមិនមានគម្រោងណាមួយចេញថ្មីបន្ថែមទៀតនោះទេ ប្រសិនបើអ្នកប្រើប្រាស់គិតថា iMac ២៤អ៊ីញមានទំហំតូចពេក អាចផ្លាស់ប្តូរទៅប្រើប្រភេទអេក្រង់ Studio ២៧អ៊ីញ ដែលមានភ្ជាប់ជាមួយ Mac Studio ឬ Mac Mini ជំនួសវិញដើម្បីកុំឱ្យសូញសាញច្រើន៕