(ភ្នំពេញ)៖ ការបោះជំហានថ្មីទៀតរបស់សាលា គឺនៅរសៀលថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សាលាអន្តរជាតិស៊ី អាយ អេ ហ្វឺសត៍ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយនឹងសាកលវិទ្យាល័យ Tongji University ដែលមានមូលដ្ឋាននៅទីក្រុង សៀងហៃ ប្រទេសចិន ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរសិស្ស-និស្សិត និងធនធានសិក្សារវាងស្ថាប័នអប់រំទាំងពីរ។

អនុស្សារណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខា ដោយលោកឧកញ៉ាបណ្ឌិត ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងលោកសាស្ត្រាចារ្យ Chen Yili នាយកការិយាល័យទទួលបន្ទុកសិស្សអន្តរជាតិនៃសាកលវិទ្យាល័យ Tongji University។

អនុលោមតាមខ្លឹមសារនៃកិច្ចព្រមព្រៀងស្ថាប័នអប់រំទាំងពីរនឹងមានការផ្លាស់ប្តូរការបញ្ជូនបុគ្គលិក សិក្សារបស់ខ្លួនឱ្យទៅបំពេញទស្សនកិច្ចសិក្សាទៅវិញទៅមកជាទៀងទាត់។ សាកលវិទ្យាល័យ Tongji នឹងរៀបចំឱ្យមានការធ្វើបទបង្ហាញតម្រង់ទិសក្នុងការជ្រើសរើសមុខវិជ្ជាសិក្សា រួមទាំងចែករំលែកបទពិសោធន៍សិក្សាក្នុងសាកលវិទ្យាល័យដល់បុគ្គលិកអប់រំ និងសិស្សានុសិស្សរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។ លើសពីនេះសិស្សានុសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក៏នឹងទទួលបានឱកាសចូលរួមកម្មវិធីផ្លាស់ប្ដូរសិស្ស-និស្សិត និងអាចទទួលបានអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ Tongji ទៀតផង។

គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យ Tongji University គឺជាសាកលវិទ្យាល័យដ៏ល្បី និងចំណាស់ជាងគេមួយក្នុងប្រទេសចិន។ សាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩០៧ និងត្រូវបានទទួលស្គាល់ជាសាកលវិទ្យាល័យជាតិ របស់ប្រទេសចិន កាលពីឆ្នាំ១៩២៧។

ក្នុងពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យ Tongji ជាប់ចំណាត់ថ្នាក់លេខ៨ ជាសាកលវិទ្យាល័យល្អបំផុតក្នុងប្រទេសចិន និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោកលើការសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិល៕