(កូរ៉េ)៖ ក្រុមចម្រៀងនារី BLACKPINK កំពុងតែធ្វើឲ្យមហាជនសង្ស័យ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ក្រុមចម្រៀងនេះកំពុងត្រៀមខ្លួន ដើម្បីចែកផ្លូវគ្នា។ ជាមួយនឹងរបាយការណ៍ថា សមាជិកមួយចំនួន នៃក្រុមនេះមិនមានឆន្ទៈបន្ត នៅក្រោមផលិតកម្ម YG Entertainment, សំណួរនៃការរំសាយក្រុមរបស់ពួកគេ គឺបានលេចឮឡើងជាបន្តបន្ទាប់។

តាមរយៈការចេញផ្សាយរបស់សារព័ត៌មាន International The News នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា សមាជិកក្រុម BLACKPINK Lisa, Jennie, Jisoo និង Rosé បានចុះហត្ថលេខាជាមួយផលិតកម្ម YG លើកិច្ចសន្យារយៈពេល ០៧ឆ្នាំ កាលពីឆ្នាំ២០១៦។ យោងតាមកិច្ចព្រមព្រៀងរបស់ពួកគេ កិច្ចសន្យារបស់ពួកគេនឹងផុតកំណត់នៅចុងឆ្នាំ២០២៣។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រនៅតែមានក្តីសង្ឃឹម ខណៈដែល Sports Seoul បានរាយការណ៍ថា ក្រុមនេះប្រហែលជាកំពុងសំឡឹងមើលទៅលើកិច្ចសន្យា ដែលអាចបត់បែនបានបន្ថែមទៀត ក៏ដូចជាអនុញ្ញាតឲ្យពួកគេ បន្តការខិតខំប្រឹងប្រែងជាលក្ខណៈទោល និងមានការប្តេជ្ញាចិត្តក្នុងការបង្ហាញខ្លួនជាក្រុម។ ការចេញផ្សាយបានរាយការណ៍ថា រហូតមកទល់នឹងពេលនេះ ក្រុមទាំងមូលកំពុងមាន ការពិភាក្សាគ្នាជាលើកចុងក្រោយ និងមិនទាន់មានគោលបំណងបង្កើតយុទ្ធសាស្ត្រ ដាច់ដោយឡែកពីគ្នានៅឡើយទេ ឬក៏ពួកគេអាចមានជម្រើសក្នុងការចុះហត្ថលេខា ជាមួយផលិតកម្មថ្មីក៏ថាបាន៕