(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» (ម.ធ.ត.) នារសៀលថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣ បានរៀបចំ «ថ្ងៃបទបង្ហាញជាសាធារណៈ» ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Turing Hackathon រដូវកាលទី ៥ ក្រោមអធិបតីភាពមបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ព្រមជាមួយការចូលរួមពីសំណាក់ដៃគូសហការ និង ភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។

កម្មវិធី Turing Hackathon រដូវកាលទី ៥ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសដល់យុវជនធ្វើការបង្ហាញពី ចំណេះដឹង និង សមត្ថភាពក្នុងការដោះស្រាយចំណោទបញ្ហាផ្សេងៗប្រកបទៅដោយនវានុវត្តភាព ដែលនឹងផ្តល់ជាភាពវិជ្ជមានទៅលើការអភិវឌ្ឍនៃសហគ្រាស ព្រមទាំងធ្វើឱ្យសេដ្ឋកិច្ចឌីជីថល ក្នុងប្រទេសកាន់តែមានភាពរស់រវើកមួយកម្រិតទៀត។ ក្រោយពីទទួលបានចំណាប់យ៉ាងខ្លាំង ពីសំណាក់យុវជន និង អ្នកដែលមានបំណងចង់បង្កើតធុរកិច្ចថ្មី, កម្មវិធីបានទទួលការដាក់ពាក្យស្នើសុំសរុបរហូតដល់ទៅ ៥៩ ហើយក្នុងនោះមានបេក្ខជនជាក្រុមចំនួន ៤៥ និង បេក្ខជនទោលចំនួន ១៤។

បន្ទាប់ពីបានចំណាយពេលជាង ៤៨ ម៉ោងដើម្បីធ្វើការសម្រួចគំនិតរបស់ខ្លួន និង រៀបចំបទបង្ហាញ, បេក្ខជនទាំង ១០ ក្រុមបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីគំនិតអាជីវកម្មរបស់ខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រទៅកាន់គណៈកម្មការទាំង ៣ រូបរួមមាន លោក ទុយ ហុង ដែលជាស្ថាបនិក និង នាយកគ្រប់គ្រងនៃក្រុមហ៊ុន Localize Tech Solution, កញ្ញា ចែម ស្រីអឿន ដែលជាប្រធានផ្នែកកិច្ចការសាធារណៈនៃក្រុមហ៊ុន Smart Axiata, និង លោក សិទ្ធី បូរ៉េត ដែលជាអ្នកគ្រប់គ្រងកម្មវិធីសិក្សានៃក្រុមហ៊ុន Tech for Kids Academy។

ក្រោយពីការវាយតម្លៃដាក់ពិន្ទុនៅក្នុងវគ្គផ្តាច់ព្រ័ត្រ គណៈកម្មការសម្រេចផ្តល់ជ័យលាភីទៅកាន់ក្រុមចំនួន ៣ ដោយជ័យលាភីទី ១ ត្រូវបានប្រគល់ជូនក្រុម VOLTS ជាមួយទឹកប្រាក់ ៤ លានរៀល, ជ័យលាភីទី ២ ត្រូវបានប្រគល់ជូនក្រុម Homi ជាមួយទឹកប្រាក់ ៣ លានរៀល និង ជ័យលាភីទី ៣ ត្រូវបានប្រគល់ជូនក្រុម Tortbal ជាមួយទឹកប្រាក់ ២ លានរៀល។

ម.ធ.ត. សូមសម្តែងនូវការអបអរសាទរដល់បេក្ខជនដែលបានក្លាយជាម្ចាស់ជ័យលាភីនៃកម្មវិធី Turing Hackathon រដូវកាលទី ៥ និង លើកទឹកចិត្តដល់បេក្ខជនគ្រប់រូបឱ្យបន្តការខិតខំប្រឹងប្រែងដើម្បីបន្តពង្រឹងខ្លួនផ្ទាល់ និង សមត្ថភាពរបស់ក្រុមបន្ថែមទៀត។ ម.ធ.ត. ក៏នឹងប្តេជ្ញាចិត្តរៀបចំនូវព្រឹត្តិការណ៍ផ្សេងៗបន្ថែមនាពេលខាងមុខ ដែលអាចឱ្យ សហគ្រិន ធុរជន និង យុវជនគ្រប់រូបអាចចាប់យកជាប្រយោជន៍បានផងដែរ៕