(ភ្នំពេញ)៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរ លើកទី៧ (7th Angkor Ultra Trail 2024) គ្រោងនឹងរៀបចំនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅតំបន់អង្គរ ខេត្តសៀមរាប ស្របពេលលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចាត់ទុកការរៀបចំព្រឹត្តិការណ៍នេះ មានអត្ថប្រយោជន៍ណាស់ សម្រាប់វិស័យទេសចរណ៍។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ នៅទីស្នាក់ការ NOCC នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ដោយមានការចូលរួមពីលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC និងលោក Edouard George ប្រធានក្រុមហ៊ុន Phoenix Voyages ដៃគូសហការរៀបចំព្រឹត្តិការណ៍នេះផងដែរ។

លោកបណ្ឌិត ថោង ខុន បន្ដថា Angkor Ultra Trail បង្កើតឡើងកាលពីឆ្នាំ២០១៦ ដោយឆ្នាំដំបូង មានអ្នកចូលរួមជាង ២០០នាក់ប៉ុណ្ណោះ តែពីមួយឆ្នាំទៅមួយឆ្នាំ ព្រឹត្តិការណ៍នេះ បានទាក់ទាញអ្នកចូលរួមមកពីគ្រប់ទិសទីកាន់តែច្រើនឡើងៗ ជាក់ស្ដែងបច្ចុប្បន្នគណៈកម្មការបានទទួលអ្នកចុះឈ្មោះរួចជាង ១,២០០នាក់ មកពី ៤៤ប្រទេស ដែលភាគច្រើនមកពីបារាំង និងអឺរ៉ុប ហើយរំពឹងថា ទម្រាំដល់ថ្ងៃប្រកួត នឹងទទួលបានអ្នកចូលរួមពី ១,៥០០នាក់ ទៅ ២ពាន់នាក់។

លោកទេសរដ្ឋមន្ដ្រីបានថ្លែងថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងបែបផ្សងព្រេងនេះ ដើម្បីជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងផ្សព្វផ្សាយ និងលើកកម្ពស់តំបន់បេតិកភណ្ឌ ពិសេសក្នុងដំណាក់កាល ដែលត្រូវជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ ដ្បិតក្រោយកូវីដ-១៩ ភ្ញៀវទេសចរ នៅសៀមរាបអង្គរ មានការត្រឡប់មកវិញយឺត បើធៀបឆ្នាំ២០១៩ ទើបត្រឡប់មកវិញ បានប្រមាណ ៣០% ប៉ុណ្ណោះ។

តាមរយៈនេះ លោកបានបង្ហាញសុទិដ្ឋិនិយមថា «ព្រឹត្តិការណ៍នេះ អាចផ្សព្វផ្សាយពីគោលដៅទេសចរណ៍សៀមរាប ទៅកាន់ពិភពលោក ពិសេសទៅកាន់ប្រទេស ដែលមានកីឡាករ-កីឡាការិនីចូលរួមរត់។ ការរៀបចំនេះ ខ្ញុំគិតថា មានប្រយោជន៍សំខាន់ណាស់ ទៅដល់វិស័យទេសចរណ៍ និងការផ្សព្វផ្សាយពីកម្ពុជា ពិសេសផ្សព្វផ្សាយពីបរិស្ថាននៃតំបន់អង្គរ បន្ទាប់ពីការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធកាន់តែស្រស់ស្អាតថែមទៀត»

ដោយឡែកលោក Edouard George បានគូសបញ្ជាក់ថា ដោយមានការគាំទ្រ និងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ NOCC បានធ្វើឲ្យការខិតខំរៀបចំព្រឹត្តិការណ៍ Angkor Ultra Trail ទទួលបានការគាំទ្រ និងកាន់តែជោគជ័យ ពិសេសការរៀបចំនេះ ត្រូវបានជ្រើសរើសចុះក្នុងបញ្ជីព្រឹត្តិការណ៍រត់ប្រណាំងលើពិភពលោក ដែលនឹងជំរុញឲ្យកម្ពុជាក្លាយជាគោលដៅរត់ប្រណាំង ហើយក៏ជាគោលដៅទេសចរណ៍មួយដ៏អស្ចារ្យរបស់ពិភពលោកផងដែរ។

ក្នុងនាមគណៈកម្មការរៀបចំ ក្រៅពីទាក់ទាញការចូលរួម និងផ្ដល់នូវសុខសុវត្ថិភាពដល់អ្នករត់ លោកក៏មានផែនការដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសទាំងអស់ឲ្យស្នាក់នៅកម្ពុជាលើសពី ៣ថ្ងៃ បន្ទាប់ពីការរត់ តាមរយៈការរៀបចំដំណើរទេសចរណ៍ផ្សេងៗ ទៅតាមគោលដៅទេសចរណ៍ក្រៅពីខេត្តសៀមរាប ដូចជាទៅតំបន់ឆ្នេរ និងខេត្តមួយចំនួនផងដែរ។ ទាំងអស់នេះ លោកសង្ឃឹមថា នឹងអាចជួយដល់ប្រព័ន្ធសេដ្ឋកិច្ច ការផ្សព្វផ្សាយ និងប្រតិបត្តិករទេសចរណ៍ជាដើម។

លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ថា ចំពោះការចុះឈ្មោះចូលរួមរត់ 7th Angkor Ultra Trail 2024 នឹងត្រូវបិទនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ សម្រាប់វិញ្ញាសារត់ រួមមានរត់ ៨គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ ពិសេសគឺរត់ចម្ងាយ ១០០គីឡូម៉ែត្រ ដែលត្រូវរត់ពីទៀបភ្លឺ រហូតយប់។ ដូច្នេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ចុះឈ្មោះចូលរួមឲ្យបានច្រើនកុះករ សម្រាប់ជនបរទេសចុះឈ្មោះតាម៖ https://racebooking.sdpo.com/ANGKOR-ULTRA-TRAIL-2024/index.html និងពលរដ្ឋខ្មែរ ចុះឈ្មោះតាម៖ https://kh.racebooking.sdpo.com/ANGKOR-ULTRA-TRAIL-2024/races.html?fbclid=IwAR23i_FWpJDCSxD0EHyB4UbQKJvUA081A_hnOB0ecek8ZsMvNl0nkxhW2wE