(បរទេស)៖ ថ្មីៗនេះម្ចាស់ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម X លោក Elon Musk បានប្រកាសចេញមុខងារ AI ថ្មីមួយដែលមានឈ្មោះថា «See Similar» Posts ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងរកខ្លឹមសារមាតិកាជាច្រើននៅលើ X។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

នេះគឺជាជំហ៊ានជោគជ័យបន្ទាប់មួយរបស់កំពូលមហាសេដ្ឋី Elon Musk ក្នុងគោលបំណងធ្វើឱ្យ X ក្លាយទៅជាបណ្តាញផ្សព្វផ្សាយសង្គមមួយដ៏លេចធ្លោ និងជា «Everything App» ដែលមានន័យថា ជាកន្លែងដែលអ្នកប្រើប្រាស់អាចស្វែករកខ្លឹមសារមាតិកាផ្សេងៗបានគ្រប់យ៉ាង។

មុខងារ «See Similar» ត្រូវបានដាក់ដំណើរការដោយ machine learning ដែលអនុញ្ញាតឱ្យ X ងាយយល់ពីខ្លឹមសារនៃការបង្ហោះនីមួយៗ និងយល់ទៅនឹងសំណួររបស់អ្នកប្រើប្រាស់ ហើយថែមទាំងអាចណែនាំការបង្ហោះស្រដៀងគ្នាដល់អ្នកប្រើប្រាស់ផងដែរ។ តែយ៉ាងណាចំពោះមុខងារ AI ថ្មីនេះកំពុងស្ថិតនៅក្រោមការអភិវឌ្ឍន៍នៅឡើយ នៅមិនទាន់បញ្ចេញដល់អ្នកប្រើប្រាស់ជាសាធារណៈនោះទេ ប៉ុន្តែក្នុងចំនួននោះមានអ្នកប្រើប្រាស់មួយចំនួនដែល X បានបើកឱ្យប្រើសាកល្បង។

គួរជម្រាបដែរថា លោក Elon Musk នៅមិនទាន់បញ្ជាក់លម្អិតនោះទេ ថាតើមុខងារ «See Similar» នេះនឹងអនុញ្ញាតឱ្យប្រើដោយឥតគិតថ្លៃ ឬមានសម្រាប់តែអ្នកប្រើប្រាស់គណនីបង់ប្រាក់នោះ ដូច្នេះមានតែរង់ចាំថ្ងៃដាក់ឱ្យប្រើប្រាស់ជាសកលតែប៉ុណ្ណោះ៕