(បរទេស)៖ លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានប្រកាសបង្ហាញគម្រោង Apple Car ជាផ្លូវការកាលពីឆ្នាំ២០២១ ហើយគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ២០២៤ ប៉ុន្តែមិនបានបញ្ជាក់ថា Apple Car ជាគម្រោងអ្វីឲ្យប្រាកដនោះទេ។

កាលពីខែកញ្ញាកន្លងទៅនេះ លោក Ming-Chi Kuo អ្នកវិភាគដ៏ល្បី បាននិយាយថា ក្រុមហ៊ុន Apple កំពុងធ្វើការងារលើគម្រោង Apple Car ហើយវានឹងបង្ហាញវត្តមានជាផ្លូវការនៅចន្លោះឆ្នាំ២០២៣-២០២៥ ដែលវាជាគម្រោងផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិ។ ប៉ុន្តែនៅចុងខែកញ្ញា លោកបានបញ្ជាក់ជាថ្មីថា Apple បានពន្យារពេលក្នុងការផលិត Apple Car ទៅឆ្នាំក្រោយគឺ ២០២៤។

ថ្មីៗនេះផងដែរ លោក Cook បានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានថា គម្រោង Apple Car គឺកំពុងបន្តដំណើរការ ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់ឡើយ។

យោងតាមរបាយការណ៍ចុងក្រោយជាច្រើន បានលើកឡើងថា Apple Car អាចនឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ២០៣០ ដោយសារតែ Apple បានធ្វើការផ្លាស់ប្ដូរទៅលើគម្រោងដើម ដូច្នេះត្រូវធ្វើការកែប្រែទៅលើរបៀបនៃការផលិត។

គួរបញ្ជាក់ផងដែរថា Apple Car មិនទាន់ត្រូវបានបង្ហាញជាផ្លូវការថា ជាគម្រោងអ្វីឲ្យច្បាស់នោះទេ ខណៈព័ត៌មានចចាមអារ៉ាមមួយចំនួនបាននិយាយថា វាជារថយន្តអគ្គិសនី, ជារថយន្តបើកបរដោយស្វ័យប្រវត្តិ និងជាចុងក្រោយវាគឺជាបច្ចេកវិទ្យាមួយដែល Apple ផលិតឡើង ដើម្បីប្រើប្រាស់ជាមួយរថយន្ត៕