(មេនឆេស្ទើ)៖ តារាជើងស៊ុត Erling Haaland បានស្ថិតក្នុងភាពមិនច្បាស់នៅឡើយពីវត្តមានចូលលេង គ្រាដែលក្រុមការពារតំណែងជើងឯក មេឃខៀវ Manchester City ត្រូវស្វាគមន៍ Young Boys រាត្រីនេះនៅពានអឺរ៉ុប UEFA Champions League។

កីឡាករអន្តរជាតិន័រវេស វ័យ ២៣ឆ្នាំខាងលើនេះ បានជួបបញ្ហារបួសកជើងដែលត្រូវបានប្តូរចេញតាំងពីវគ្គទី១ ក្នុងប្រកួតនៅ Premier League កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន ដែល Man City បានបំបាក់ AFC Bournemouth ៦-១។

Man City ដែលដឹកនាំដោយលោក Pep Guardiola នឹងកក់កៅអីទៅវគ្គ ១៦ក្រុមចុងក្រោយ ប្រសិនបើយកបាន ៣ពិន្ទុពីក្រុមភ្ញៀវមកពីស្វីស Young Boys រាត្រីនេះនៅកីឡដ្ឋាន Etihad សម្រាប់ជើងទី២ ក្រោយពេលជើងទី១ ពួកគេក៏បានបំបាក់ ៣-១ ក្នុងប្រកួតដែល Haaland រកបាន ២គ្រាប់ផងដែរប្រចាំពូល G នេះ។

នៅពេលអ្នកសារព័ត៌មានសួរក្នុងសន្និសីទពីបញ្ហារបួស Haaland លោក Pep បានឆ្លើយតបថា លោកមិនដឹងទេ វាអាស្រ័យទៅលើវេជ្ជបណ្ឌិតប៉ុណ្ណោះ។ លោកថា «ខ្ញុំនឹងស្តាប់គ្រូពេទ្យ ថាតើលេងបាន ឬក៏មិនបាន។ ប្រសិនបាន ខ្ញុំនឹងគិតឡើងវិញក្នុងការដាក់គាត់ចូលលេង ដ្បិតម្សិលមិញ Haaland ក៏បានប្រាប់ខ្ញុំថា មានអារម្មណ៍ធូរច្រើនហើយ មិនដូចពីថ្ងៃប្រកួតកាលចុងសប្តាហ៍នោះទេ»