(ឡុងដ៍)៖ Tottenham Hotspur ដែលរងពិន័យកាតក្រហមកីឡាករ ២នាក់ បានស្គាល់រសជាតិចាញ់លើកដំបូងក្នុងលីគ Premier League តាមរយៈប្រកួតចាញ់ក្រុមភ្ញៀវតោខៀវ Chelsea ៤-១ នៅរាត្រីថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុមមាន់ខ្នាយមាសមួយនេះ បានបង្ខំចិត្តលេងតែសមាជិក ១០នាក់ចាប់ពីនាទី៣៣ មក នៅពេលកីឡាករ Christian Romero បានបង្កកំហុសតាមរយៈទាត់ Levi Colwill របស់ Chelsea ដែលជាការរងពិន័យកាតក្រហមលើកទី៤ សម្រាប់កីឡាករអន្តរជាតិអាហ្សង់ទីន ក្រោយចូលរួមជាមួយ Spurs បានជាង ១ឆ្នាំមកនេះ។

ការប្រកួតក្នុងកីឡដ្ឋាន Tottenham បានដំណើរការដល់នាទី៥៥ មិត្តរួមក្រុមរបស់ Romero គឺ Destiny Udogie ក៏បានបង្កកំហុសទៅលើ Raheem Sterling ជាថ្មី ដែលធ្វើឲ្យអាជ្ញាកណ្តាល Olivier សម្រេចដកកាតលឿងជាលើកទី២ ស្មើនឹងកាតក្រហម១ បណ្តេញចេញពីទីលានទៀតដែរ ដែលអាចជាការបើកឱកាសឲ្យតោខៀវរកបាន ៣គ្រាប់នៅចុងម៉ោង និងជាការរកបានជ័យលើកទី៣ ក្នុងចំណោម ៥ប្រកួតចុងក្រោយនៅ Premier League សម្រាប់តោខៀវដែរ។

យ៉ាងណាក៏ដោយ Spurs បានក្លាយជាក្រុមចុងក្រោយគេ ក្នុងចំណោម ២០ក្រុមដែលចាញ់ក្នុងលីគ គិតត្រឹមសប្តាហ៍ទី១១ ជើងទី១ បន្តឈរនៅលេខ២ ក្នុងតារាងពិន្ទុដោយមាន ២៦ពិន្ទុបណ្តោះអាសន្ន តាមពីក្រុមកំពូលតារាង Manchester City ១ពិន្ទុ ដ្បិត Chelsea កំពុងឈរនៅលេខរៀងទី១១ ដោយមាន ១៥ពិន្ទុ៕