(ភ្នំពេញ)៖ ដូចដែលបានសន្យាជាមួយមហាជនមែន! ស្រីស្រស់ជុំ រចនាពេជ្រ ហៅបេប៊ី ធ្លាប់បញ្ជាក់ថា នាងនឹងវិលមកកាន់​ក្បាល​​​មីក្រូឡើងវិញ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ឥឡូវអតីតតារាចម្រៀងក្នុងផលិតកម្ម ថោន រូបនេះពិតជាមិន​ទៅណាចោលអាជីពចាស់​ ហើយការត្រឡប់មកជាថ្មីនេះ នាងពិតជាប្លែក និងប្រែប្រួល​ខុសពីមុនដាច់។ បេប៊ី បានច្រៀងសម្ដែងបើកឆាកជាថ្មីនៅទូរទស្សន៍ CNC កាលពីល្ងាច​ថ្ងៃទី០៥ ខែវិច្ឆិកា ដែលមានបទនាងទើបចេញ «ថ្នម» បទនាងល្បីពីមុន «អំណាចលុយ»,​ ច្រៀង​ Cover បទមរតកដើម «ប្រុសកំពូលស្នេហ៍» និង Cover បទមាស សុខសោភា «ម្នាក់ឯងមិនស្លាប់ទ» ជាដើម ហើយហាក់នៅតែមានទីផ្សារគាំទ្រច្រើនដដែល។

ថ្លែងប្រាប់ Fresh News Plus ស្រីស្អាត បេប៊ី បានឲ្យដឹងថា នាង​មាន​អារម្មណ៍ហាក់ប្លែកបន្ដិចដែរ ពេលចាប់ផ្ដើមវិលមករកអាជីពចម្រៀងម្ដងទៀត ព្រោះ​ដូចចាប់អាជីពនេះជាលើកទី២។ យ៉ាងណានាងថាបានត្រៀម និងហាត់សមរួចជាស្រេច​ជា​ច្រើន​ថ្ងៃ ហេតុនេះគ្មានឧបសគ្គឡើយ ហើយក្រោយពីឡើងឆាកទី១នេះ នាងត្រៀមឡើង​ប៉ុស្ដិ៍​ផ្សេងៗទៀត ក្នុងនោះក៏ត្រៀមចេញច្រៀងសម្ដែងឲ្យការប្រគំតន្រ្ដីរបស់ស្រាបៀរ Ganzberg តាមបណ្ដាខេត្តមួយចំនួន នៅថ្ងៃបុណ្យអុំទូកនាពេលខាងមុខនេះផងដែរ។

បេប៊ី បន្តថា ជាអារម្ម​ណ៍​រីករាយមួយ ព្រោះនាងបានផ្អាកជាច្រើនឆ្នាំ ពោលគឺតាំងពីផ្ទុះកូវីដ ហើយទើបមានពេលវេ​លា​គ្រប់គ្រាន់វិលមកជាថ្មីម្ដងទៀតនាពេលនេះ ហើយមាន Fan នៅតែគាំទ្រ ស្រលាញ់ចូលចិត្ត​នាងដូចមុនដដែល។ ប៉ុន្ដែយ៉ាងណា នាងគ្មានបំណងវិលទៅ​ចាប់អាជីពជា​ពិធីការិនីវិញឡើយ គឺផ្ដោតតែលើការពង្រឹងអាជីពចម្រៀងប៉ុណ្ណោះ បើទោះជានាងធ្លាប់​ធ្វើជា​ MC ដល់ទៅជាង១០ឆ្នាំក្ដី។

បេប៊ី បញ្ជាក់ទៀតថា ការចាប់អាជីពចម្រៀងម្ដងទៀតនាពេលនេះ នាង​ផ្ដោតលើការផលិតបទ​បែប​យុវ​វ័យច្រើនជាងបទបែបមនោសញ្ចេតនា តែក៏នៅបន្ដការច្រៀង Cover បទមរតកដើមដែរ ដោយរក្សារប៉ារ៉ូល​ឲ្យ​នៅដដែល និងបទខ្លះកែភ្លេងថ្មី។ ដោយសារ​តែផ្ដោតទៅលើការពង្រឹង​គុណភាព​ជា​ចម្បង​នោះ ហេតុនេះក្នុង១ខែ នាងអាចចេញបទថ្មីតែ១ទៅ២ បទប៉ុណ្ណោះ មិនចង់ចេញច្រើន​យក​បរិមាណ​នោះទេ តែចង់ចេញមួយដឹងមួយ។ ដោយឡែកទាក់ទងរឿងក្រុមរាំ​អមវិញ​នាង​ថា លើក​នេះ​នាង​មានសមាជិកក្រុមរាំផ្ទាល់ខ្លួនចំនួន៨នាក់ ខណៈដែលកាលពីឆ្នាំមុន​ពេល ខ្លះ​មាន​រហូត​ដល់​ទៅជាង១០នាក់ក៏មានដែរ។

បេប៊ី បានផ្អាកពីអាជីពចម្រៀងនៅថោន កាលពីដើមឆ្នាំ២០២១ ពោលគឺពេលកូវីដផ្ទុះ​ខ្លាំង ហើយអំឡុងពេលនោះ នាងបានឆក់ឱកាសបើកមុខជំនួញ​ក្រៅពីសិល្បៈនោះ គឺ​ហាង​កាហ្វេដែលពង្រីកសាខាជាបន្ដបន្ទាប់ ហើយពេលដែលនាងវិលចូលច្រៀងវិញនេះ បងប្រុស​របស់​នាងជាអ្នកមើលគ្រប់គ្រងហាងដែលដំណើរការជាធម្មតា។

ឆ្លើយតបនឹងសំណួរថា​ តើបេប៊ីផ្អាកច្រៀងជាង២ឆ្នាំបែបនេះ​ នាងពិបាកក្នុង​ការប្រជែង​ទី​ផ្សារ​​ចម្រៀង​ឬអត់ ព្រោះបច្ចុប្បន្នតារារីកដូចផ្សិតនោះ? ស្រីស្រស់ រចនាពេជ្រ ទទួលស្គាល់ថា គឺ​ទីផ្សារ​ចម្រៀង​ពិតជា​មានការប្រែប្រួលមែន ព្រោះតារាឥឡូវមានច្រើន។ ប៉ុន្ដែនាងថាសម្រាប់​រូបនាង​វិញ​ គឺអត់បញ្ហាចោទទេ ដោយសារមានគេស្គាល់នាងច្បាស់ទៅហើយ ហេតុនេះ​គ្រាន់​តែ​នាងមានអ្វីដែលថ្មី ប្លែកនោះទស្សនិកជននៅតែគាំទ្រនាងដូចមុន។​ មក​ម្ដងនេះ​ទាំង​ការស្លៀកពាក់ ,ក្បាច់រាំ គឺនាងបាន Update ថ្មីទាំងអស់ អ៊ីចឹងនៅពេលដែលនាង​ប្លែកពីមុន​ទស្សនិកជន​ នឹងចាប់អារម្មណ៍នាងម្ដងទៀត ជាមួយបទចម្រៀងថ្មីៗ​ដែលនាងនឹងបញ្ចេញ​ទៅ​តាមគម្រោង។ ប៉ុន្ដែនាងថា គ្មានបំណងប្រជែង​ទីផ្សារចម្រៀងជាមួយអ្នកណាទាំងអស់ គឺខំប្រឹងពង្រឹងតែសម្ថភាពខ្លួនឯងប៉ុណ្ណោះ៕