(បរទេស)៖ តារាចម្រៀងប្រុសល្បីឈ្មោះរបស់កូរ៉េខាងត្បូង លោក G-Dragon នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលីសក្រុង Incheon ដើម្បីផ្តល់ចម្លើយស៊ើបអង្កេត អំពីការប្រើប្រាស់គ្រឿងញៀន ដែលលោករងការចោទប្រកាន់។ មុនពេលនិយាយចូលទៅកាន់ទីស្នាក់ការប៉ូលីស លោក G-Dragon បាននិយាយជាមួយ ប្រព័ន្ធផ្សព្វផ្សាយ ដែលលោកបានសង្កត់ធ្ងន់ម្តងទៀតថា លោកមិនដែលប្រើគ្រឿងញៀនទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

តារារូបនេះ បាននិយាយថា «គ្មានពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មគ្រឿងញៀនទេ (វាជាការចោទប្រកាន់ខ្ញុំ)។ ខ្ញុំនៅទីនេះដើម្បីបង្ហាញរឿងនេះ»។ នៅពេលត្រូវបានគេសួរថា តើលោកទើបនឹងលាបសក់ពណ៌ឬធ្វើសក់មែនទេ? G-Dragon បានឆ្លើយថាមិនមានទេ។ នៅពេលត្រូវបានគេសួរថាតើលោកធ្លាប់ទៅផ្ទះនារីៗចំពេលនៃរឿងក្តីនេះដែរឬទេ?​ G-Dragon បានញញឹមហើយនិយាយថា លោកមិនមានពាក់ព័ន្ធនឹងរឿងអាស្រូវនោះទេ។ បន្ថែមពីនេះ លោកបានប្រាប់ថា «កុំបារម្ភ ខ្ញុំនឹងសហការឲ្យបានល្អជាមួយប៉ូលីស ហើយត្រឡប់មកវិញ»

គួរជម្រាបថា G-Dragon នឹងត្រូវធ្វើតេស្ត រកសារធាតុញៀន។ តារារូបនេះបានបដិសេធរាល់ការចោទប្រកាន់មកលើរូបលោក។ តែយ៉ាងណា សម្រាប់លទ្ធផលនៃរឿងក្តីរបស់តារារូបនេះ ទៅជាយ៉ាងណា នៅមិនទាន់មានការបញ្ជាក់ទេ៕