(ប៉េកាំង)៖ Wang Xinzhong ដែលត្រូវបានគេស្គាល់ថា ជាកីឡាករក្មេងជាងគេត្រឹមវ័យ ១២ឆ្នាំ បានជ្រុះចេញពីពានរង្វាន់ Internaational Championship 2023 ជាផ្លូវការហើយ ក្រោមថ្វីដៃរបស់កីឡាករជើងខ្លាំងមកពីអង់គ្លេស Judd Trump កាលពីរាត្រីថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា។

Trump កីឡាករឈរនៅចំណាត់ថ្នាក់លេខ៣ ពិភពលោកបច្ចុប្បន្ន បានយកឈ្នះកីឡាករវ័យក្មេងរបស់ម្ចាស់ផ្ទះចិន ក្នុងលទ្ធផល ៦-០ ក្នុងជុំទី២ នៅពេល Wang បានឡើងមកលេងពាននេះ ក្នុងនាមកីឡាករអនុគ្រោះ (wildcard)។

លោកបានគ្រប់គ្រងការប្រកួត ៤សិតជាប់គ្នាជាមួយនឹងការវាយបានពិន្ទុ ១១៦ ១០៩ ៦៧ និង ៨៩ពិន្ទុ ដើម្បីទទួលជ័យជម្នះទៅលើគូប្រកួតវ័យក្មេងរបស់ខ្លួន។

យ៉ាងណាក៏ដោយ Wang ដែលបានកើតនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១០ ក៏បានយកឈ្នះ Gong Chenzhi ៦-៥ មុនឡើងមកជួបអតីតជើងឯកពិភពលោក ឆ្នាំ២០១៩ គឺ Judd Trump ដែលបានធ្វើឡើងនៅទីលានស្ថិតក្នុងខេត្ត Tianjin ប្រទេសចិន និងបានក្លាយជាកីឡាករវ័យជាងគេ លំដាប់លេខ២ បន្ទាប់ពី Liam Davies របស់ប្រទេសវ៉េលបានចូលរួមក្នុងកម្មវិធីនេះកាលឆ្នាំ២០១៩ កន្លងទៅ។

ដូចគ្នានោះដែរ អតីតជើងឯកពិភពលោក ៧សម័យកាល Ronnie O’Sullivan ក៏បានឈានទៅជុំទី៣ បន្តទៀតដែរ តាមរយៈវាយបកឈ្នះគូប្រជែងជើងចាស់ Ken Doherty ៦-១ ក្រោយពីបរាជ័យក្នុង frame ទី១ គ្រាដែល John Higgins បានយកឈ្នះ David Grace ៦-១ និងម្ចាស់ការពារតំណែងជើងឯក Luca Brecel បានទម្លាក់ Daniel Wormersley ក្នុងលទ្ធផល ៦-២៕