(បរទេស)៖ ឈ្មោះរបស់តារាចម្រៀងល្បីៗដែលនឹងឈ្នះពានរង្វាន់ប្រចាំឆ្នាំ២០២៣ នៃកម្មវិធី «Europe Music Awards» ត្រូវបានប្រកាសហើយ ខណៈតារាចម្រៀងប្រុស Jungkook សមាជិកក្រុម BTS និងក្រុម TXT គឺជាតារា K-POP ដែលឈ្នះបានពានរង្វាន់ធំៗក្នុងកម្មវិធី ក្នុងចំណោមតារាល្បីៗផ្សេងទៀត។ 

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន International The News នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

ដើមឡើយកម្មវិធីនេះ គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស តែត្រូវបានលុបចោលវិញ ដោយសារតែព្រឹត្តិការណ៍នានាលើពិភពលោក ក៏ដូចជាការព្រួយបារម្ភពីស្ថានការណ៍ផ្សេងៗ ដែលអាចនឹងគ្រប់គ្រងមិនបាន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគេបានរៀបចំកម្មវិធីនេះមែន វានឹងក្លាយជារាត្រីនៃជ័យជំនះសម្រាប់តារា K-pop Jungkook ដែលបានឈ្នះពានរង្វាន់មិនមែនមួយទេ គឺពានរង្វាន់ដ៏មានកិត្យានុភាពពីរ ពោលគឺបទចម្រៀងល្អបំផុត និង K-Pop ល្អបំផុតតាមរយៈស្នាដៃចម្រៀងរបស់លោក។

ក្រៅពីតារាចម្រៀង Jungkook គឺក្រុម TXT ក៏បានឈ្នះពានរង្វាន់ពីកម្មវិធីនេះផងដែរ គឺពានរង្វាន់ «Best Push Artist»៕