(ភ្នំពេញ)៖ បុរសម្នាក់ដែលបម្រើការងារជាបុគ្គលិកផ្នែកសន្តិសុខក្រុមហ៊ុនឯកជន នៅម្តុំពហុកីឡដ្ឋានអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានសំណាង បានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់សុទ្ធចំនួន១០០លានរៀល។

បុរសដែលមានសំណាងខាងលើនេះមានឈ្មោះ ចាន់ ហាន អាយុ៥២ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ប៉ុន្តែដោយសារតែកម្រិតជីវភាព ខ្វះខាតខ្លាំងក៏សម្រេចចិត្តមកបម្រើការងារជាសន្តិសុខក្រុមហ៊ុនឯកជន នៅរាជធានីភ្នំពេញ ដើម្បីទទួលបានចំណូលគ្រាន់ផ្គត់ផ្គង់គ្រួសារ។

ដោយឡែកសម្រាប់ការឈ្នះរង្វាន់ធំនូវទឹកប្រាក់១០០លានរៀលនេះ ពិតជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុតដោយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលលោកបំពេញការងារ នៅទីតាំងដូចបានជម្រាបជូនខាងលើ លោកបានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួនមួយកំប៉ុងពីអ្នកលក់ដែលស្ថិតនៅជិតកន្លែងធ្វើការដើម្បីទទួលទានបំបាត់អាការងងុយដឹក លុះពេលគាស់ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលតែម្ដង។ គ្រាន់តែបានឃើញឈ្នះរង្វាន់ភ្លាម លោកក៏ពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយក៏ស្រែកប្រាប់អ្នកនៅជុំវិញខ្លួន និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតែម្ដង។

លោក ចាន់ ហាន បានបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា ទឹកប្រាក់រង្វាន់១០០លានរៀលនេះ ពិតជាមានសារសំខាន់ចំពោះគ្រួសាររបស់លោកបំផុត ហើយបន្ទាប់ពីទទួលបានលោកនឹងយកមួយ ចំនួនសង់បំណុលគេ និងធ្វើផ្ទះសម្រាប់ស្នាក់នៅឱ្យបានសមរម្យ ហើយនៅសល់មួយចំនួនទៀតទុកធ្វើដើមទុនបង្កើតអាជីវកម្មឱ្យប្រពន្ធគ្រាន់ទទួល បានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព គ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ លោក ចាន់ ហាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសាររបស់លោកដែលធ្លាប់តែក្រលំបាកឱ្យមានជីវភាពធូរធារ និងមានលុយកាក់ចាយគ្រប់គ្រាន់៕