(ភ្នំពេញ)៖ ថ្មីៗ សមាគមកីឡាបាល់ទាត់ជប៉ុន (JFA) បានផ្ញើលិខិតមកកាន់លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដោយផ្ដល់នូវព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងលោក Satoshi Saito ដែលត្រូវបានក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) ប្រកាសមិនបន្ដកុងត្រាជានាយកប្រតិបត្តិ កាលពីពេលថ្មីៗនេះ។

យោងតាមលិខិតលោក Tashima Kohzo ប្រធាន JFA ដែលត្រូវបានលោកនាយឧត្តមសេនីយ៍ សៅ សុខា បង្ហោះលើបណ្ដាញសង្គម កាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា បានបញ្ជាក់ថា JFA ពុំបានដឹងថា លោក Satoshi Saito មកកាន់តំណែងជានាយកប្រតិបត្តិ CPL នោះទេ។ ហើយថ្មីៗនេះ មានការជូនដំណឹងថា បុរសជនជាតិជប៉ុនរូបនេះ កំពុងផ្ដល់ពាក្យ ឬដំបូន្មានដល់ផ្នែកបច្ចេកទេសថែមទៀត ។

តាមរយៈនេះ JFA នឹងធ្វើការងារជាមួយក្រុមការងារគ្រូបង្វឹកខ្លួន ដើម្បីធ្វើបច្ចុប្បន្នភាព ក្រោមកិច្ចពិភាក្សាជាមួយភាគីកម្ពុជា ដែលមានលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធ, លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធ និងអគ្គលេខាធិការរងសហព័ន្ធលោក សុខា រ៉ានាថ ជាដើម ដ្បិតលោក Satoshi Saito បានធ្វើការនៅ JFA និង AFC ក្នុងផ្នែកទីផ្សារប៉ុណ្ណោះ មិនដែលចូលរួមពាក់ព័ន្ធផ្នែកបច្ចេកទេសពីមុនមកនោះទេ។

ប្រភពខាងលើបានបញ្ជាក់ថា «អ្វីដែលយើងដឹងពីមិត្តរួមការងាររបស់គាត់ (Satoshi Saito) នៅ AFC គឺគាត់មិនបានសម្រេចការងារបាននូវអ្វីដែលគេបានរំពឹងថា គាត់អាចធ្វើបាននៅក្នុងកំឡុងពេលធ្វើការ AFC សម្រេចបញ្ចប់កុងត្រារបស់គាត់ ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងផងដែរ ដែលដឹងថា គាត់អះអាងថា គាត់បានទទួលការគាំទ្រពី JFA ប៉ុន្ដែដូចខ្ញុំជម្រាបខាងដើម យើងមិនបានដឹងទាល់តែសោះថា គាត់នឹងទៅធ្វើការលីគកំពូលកម្ពុជា»

«ដូច្នេះគាត់ (លោក Satoshi Saito) មិនទទួលបានការគាំទ្រពី JFA នោះទេ ។ ខ្ញុំត្រូវតែនិយាយថា នេះផ្ដល់ឲ្យយើងនូវការសង្ស័យ លើភាពស្មោះត្រង់របស់គាត់ គួរឲ្យសោកស្ដាយ ។ ដូច្នេះខ្ញុំមានការព្រួយបារម្ភទៅលើស្ថានភាពនេះ» ។ នេះបើតាមការសង្កត់ធ្ងន់របស់លោក Tashima Kohzo នៅក្នុងលិខិតដែលបានផ្ញើជូនប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

យ៉ាងណាក្ដីប្រមុខបាល់ទាត់ជប៉ុនដដែលបានអះអាងថា នឹងបន្ដធ្វើការងារជាមួយកម្ពុជា ដោយឈរលើឆន្ទៈយ៉ាងខ្លាំងក្នុងកិច្ចសហការបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍បាល់ទាត់ក្នុងតំបន់នាពេលអនាគតជាមួយគ្នា។ បន្ថែមលើនេះ លោកក៏បានអបអរសាទរ ចំពោះជោគជ័យនៃការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ និងការខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា ក្នុងទសវត្សរ៍កន្លងមកនេះផងដែរ ។

គួរដឹងថា CPL បានប្រកាសមិនបន្ដកិច្ចសន្យាជាមួយនាយកប្រតិបត្តិ លោក Satoshi Saito ដែលជាអតីតអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្លិប FC Barcelona កាលពីចុងខែតុលាកន្លងទៅ បន្ទាប់ពីលោកបានចូលមកដឹកនាំ CPL បានរយៈពេល ២ឆ្នាំ ក្រោមមូលហេតុនៃការធ្វើកំណែទម្រង់ថ្មី លើរចនាសម្ព័នម្ចាស់ភាគហ៊ុន ដើម្បីបន្ដបេសកកម្មក្នុងការរៀបចំការប្រកួតនានា ដូចជាលីគកំពូលកម្ពុជាជាដើម ៕