(ប្រេស៊ីល)៖ ម្ចាស់ជើងឯកពិភពលោកនៃការប្រណាំងរថយន្ត Formula 1 កីឡាករ Max Verstappen បានបន្តឈ្នះជើងឯកការប្រណាំងនៅកម្មវិធី Sao Paulo Grand Prix 2023 និងជាការឈ្នះ ៥លើកជាប់ៗគ្នា ដែលជ័យជម្នះនេះបានធ្វើឲ្យរូបគេបង្កើតកំណត់ត្រាថ្មីរបស់ខ្លួន ដោយបានឈ្នះការប្រណាំងរហូតដល់ ១៧កម្មវិធីក្នុងរដូវកាល២០២៣ ដ្បិតនៅមាន ២ប្រកួតទៀតត្រូវបញ្ចប់រដូវកាលនេះ។

នេះជាការឈ្នះ ១៧កម្មវិធីប្រកួតក្នុងមួយរដូវកាល២០២៣ ជាបណ្តោះអាសន្ន របស់ម្ចាស់ជើងឯកលេខ១ ពិភពលោក Max Verstappen បើធៀនទៅនឹងរដូវកាល២០២១ ធ្វើបាន ១០កម្មវិធី និងនៅឆ្នាំ២០២២ ធ្វើបាន ១៥កម្មវិធីប្រណាំង ដែលនាំទៅឈ្នះតំណែងជើងឯកពិភពលោក និងកត់ត្រាក្នុងបញ្ជីប្រវត្តិសាស្ត្រជើងឯក Formula 1។

បញ្ជាក់ផងថា សម្រាប់ការប្រណាំងនៅកម្មវិធី Sao Paulo Grand Prix 2023 នាប្រទេសប្រេស៊ីល កីឡាករ Max Verstappen យកបានលេខ១ ហើយកីឡាករវ័យក្មេង Lando Norris យកបានលេខ២ និង Fernando Alonso ឈរតំណែងលេខ៣ ខណៈការប្រកួតនៅសល់ ២កម្មវិធីទៀត ដោយមានការរៀបចំនៅសហរដ្ឋអាមេរិក និងសហព័ន្ធអារ៉ាប់រួម នាទីក្រុង Abu Dhabi ស្ថិតក្នុងខែវិច្ឆិកានេះ៕