(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់អធិរាជស Real Madrid បានខកឱកាសឡើងទៅឈរនៅកំពូលតារាងលីគ La Liga វិញ ក្រោយពេលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ជាមួយ Rayo Vallecano ដ្បិតខ្សែប្រយុទ្ធសំខាន់របស់ខ្លួនគឺ Jude Bellingham ក៏មានបញ្ហារបួសស្មាដែរ។

ការដែលមិនអាចយក ៣ពិន្ទុពីក្រុមភ្ញៀវ Rayo Vallecano នៅរាត្រីថ្ងៃអាទិត្យ មានន័យថា ពួកគេនៅបន្តឈរលេខ២ ក្នុងតារាងពិន្ទុដដែល ជាមួយនឹង ២៩ពិន្ទុប្រដេញគ្នាជាមួយក្រុមកំពូលតារាង Girona នៅត្រឹម ២ពិន្ទុផងដែរ គិតត្រឹម ១២សប្តាហ៍សម្រាប់ជើងទី១ នេះ។

ក្នុងប្រកួត ៩០នាទីពេញនៃកីឡដ្ឋាន Bernabeu កីឡាករសំខាន់ៗមានដូចជា Federico Valverde, Joselu, Bellingham និង Vinicius Jr សុទ្ធសឹងតែមានឱកាសរកគ្រាប់បាល់សម្រាប់ម្ចាស់ផ្ទះ ប៉ុន្តែធ្វើពុំបានសម្រេចសោះ ដែលជាលទ្ធផលស្មើក្រៅដីលើកដំបូងផងដែរសម្រាប់ Rayo ពីការជួប Real គិតចាប់តាំងពីឆ្នាំ២០០០ មក។

អ្នកចាត់ការទូទៅ Real Madrid គឺលោក Carlo Ancelotti បានថ្លែងឲ្យដឹងពីបញ្ហារបួសរបស់ Bellingham ក្រោយចប់ការប្រកួតថា នឹងពិនិត្យលំអិតនៅថ្ងៃចន្ទនេះ ដោយសង្ឃឹមថា មិនបង្កជាក្តីបារម្ភនោះទេ៕