(បរទេស)៖ ថ្មីៗនេះ Samsung Display ដែលជាអង្គភាពរបស់ក្រុមហ៊ុន Samsung Electronics បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន BOE Technology Group របស់ប្រទេសចិន និងសាខាចំនួនប្រាំពីររបស់ខ្លួនទៅកាន់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក (ITC) ដោយចោទប្រកាន់ថា BOE បានបំពានច្បាប់របស់សហរដ្ឋអាមេរិកដែលគ្របដណ្តប់លើ «វិធីសាស្រ្តប្រកួតប្រជែងមិនយុត្តិធម៌»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ពាក្យបណ្តឹងរបស់ក្រុមហ៊ុន Samsung បានចោទប្រកាន់ថា BOE បានក្លែងបន្លំអាថ៌កំបាំងពាណិជ្ជកម្មរបស់ខ្លួន តាមរយៈមធ្យោបាយជាច្រើន រួមទាំងការជួលអតីតបុគ្គលិក Samsung ការលួចបន្លំអ្នកធ្វើជាអ្នកផ្គត់ផ្គង់ Samsung និងការក្លែងបន្លំផលិតផលរបស់ Samsung ជាដើម។ Samsung អះអាងទៀតថា ការធ្វើវិធីសាស្រ្តមិនស្មោះត្រង់របស់ BOE បានធ្វើឱ្យក្រុមហ៊ុននេះទាញផលប្រយោជន៍នៅក្នុងទីផ្សារអេក្រង់ LOED ជាច្រើន និងបានបណ្តាលឱ្យ Samsung ប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

ទាក់ទងនឹងបញ្ហានេះក្រុមហ៊ុន Samsung កំពុងស្វែងរកដំណោះស្រាយជាច្រើនពី ITC រួមទាំងលុបចោលនៅរាល់ការបញ្ជាទិញទាំងឡាយ នឹងរារាំង BOE ពីការនាំចូល និងលក់ម៉ូឌុលសមាសធាតុអេក្រង់ OLED របស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកផងដែរ។

គួរជម្រាបដែរថា នេះជាលើកទី១ ហើយដែល Samsung បានដាក់ពាក្យបណ្តឹងអាថ៌កំបាំងពាណិជ្ជកម្មប្រឆាំងនឹង BOE នៅសហរដ្ឋអាមេរិក ដោយកន្លងមកក្រុមហ៊ុនយក្សកូរ៉េខាងត្បូងនេះ ធ្លាប់បានដាក់ពាក្យបណ្តឹងដូចគ្នាទៅលើ BOE នៅក្នុងប្រទេសចិនរួចម្តងទៅហើយ ប៉ុន្តែពាក្យបណ្តឹងទាំងនោះមិនបានទទួលបានជោគជ័យនោះទេ៕