(ភ្នំពេញ)៖ ព្រឹត្តិការណ៍ដ៏កក្រើកវិស័យកីឡាប្រដាល់គុនខ្មែរ រវាងកីឡាករលំដាប់ប្រទេសកម្ពុជា ព្រំ សំណាង និងស្ដេចប្រដាល់ភូមា Dave Leduc បានបញ្ចប់ហើយ ដោយលទ្ធផលស្មើគ្នា ស្របពេលអ្នកលេងគុនខ្មែរ ៤រូបទៀត បានផ្ដួលដៃគូឲ្យបោះបង់ការប្រកួតរៀងៗខ្លួន ក្នុងមហាព្រឹត្តិការណ៍ Wurkz សេនាគុនខ្មែរពិភពលោក នៅរាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ជំនួបរវាងជើងខ្លាំងទាំងពីរ គឺប្រើពេល ១ទឹកប៉ុណ្ណោះ និងមានរយៈពេល ៩នាទី ដោយប្រើអំបោះឆៅ ជំនួសហ្គង់ ។ យ៉ាងណាមិញ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ចៅក្រមនៃការប្រកួត បានសម្រេចផ្ដល់ពិន្ទុឲ្យអ្នកលេងគុនខ្មែរ ព្រំ សំណាង និងម្ចាស់ខ្សែក្រវ៉ាត់ Lethwei World Cup កីឡាករ Dave Leduc ស្មើគ្នា ចំពោះមុខអ្នកទស្សនិកជនរ៉ាប់សិបម៉ឺននាក់ ដែលបានទស្សនាការប្រកួត ។

ដោយឡែកគូមិត្តភាពអន្ដរជាតិ ៥គូទៀត អ្នកលេងពូថៅដៃ ធឿន ធារ៉ា បានផ្ដួលកីឡាករប្រេស៊ីល DANIEL TORRES ឲ្យសន្លប់ត្រឹមទឹកទី២ ។ កីឡាករ រឿង សោភ័ណ្ឌ បានផ្ដួលកីឡាករអេស្ប៉ាញ MIKEL JESUA ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី១ គ្រាដែលមិត្តរួមជាតិ ផល សោភ័ណ្ឌ បានផ្ដួលកីឡាករចិន LI TIANTAO ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២ និងសិស្សប្អូន ឈុត សេរីវ៉ាន់ថង បានផ្ដួលអ្នកប្រដាល់រុស្ស៊ី MAZORIEV SHARIF ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២ ដូចគ្នា ។ ចំណែកកីឡាករ បឺត សង្ឃឹម បានយកឈ្នះកីឡាករកៀហ្ស៊ីស្ថាន Timur ដោយពិន្ទុ ៕