(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះ ដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២៣ នឹងបើកការប្រកួតរដូវកាលថ្មី ចាប់ពីថ្ងៃទី១០-១៩ ខែវិច្ឆិកាខាងមុខ ដោយមានបេក្ខភាពប្រកួតប្រជែង ២៩ក្រុម។ ការប្រកួតនឹងធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយទស្សនិកជនអាចចូលរួមទស្សនាដោយសេរី។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៥ ខែវិច្ឆិកាថា នេះជាព្រឹត្តិការណ៍ដ៏ធំ ដែលសបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទះកម្ពុជាបច្ចុប្បន្ន បន្ទាប់ពីទាក់ទាញក្រុមចូលរួមប្រកួតពានរង្វាន់សម្ដេចក្រឡាហោមច្រើនជាងមុន ដ្បិតកាលពីរដូវកាលទី១ មានត្រឹម ២១ក្រុមចូលរួមប៉ុណ្ណោះ។

មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែលបន្ដថា «ចំនួនក្លិបចូលរួមកើនដល់ ២៩ក្លិប មកពី ២៥រាជធានី-ខេត្តនេះ បង្ហាញថា ការអភិវឌ្ឍវិស័យបាល់ទះកម្ពុជាកាន់តែរីកចម្រើន ទើបមានក្លិបចូលរួមច្រើនដូច្នេះ។ មួយវិញទៀត ពាននេះ ជាពានលំដាប់កំពូលមួយ ក្នុងក្របខណ្ឌពានមហាជនថ្នាក់ជាតិ ដែលជាឱកាសល្អមួយ សម្រាប់សហព័ន្ធក្នុងការសម្លឹងរកយុវជនបន្ដវេនពីរៀមច្បង ដែលជាកីឡាករជម្រើសជាតិ និងស្នាដៃជាច្រើនកន្លងមក»

សម្រាប់ក្រុមដណ្ដើមបានជយលាភី ក្នុងពានសម្ដេចក្រឡាហោម ស ខេង រដូវកាលនេះ នឹងទទួលបានកៅអីចូលរួមប្រកួតលីគសម្ដេចតេជោ ហ៊ុន សែន នាពេលឆាប់ៗខាងមុខ ស្របតាមការសន្យារបស់សហព័ន្ធ ស្របពេលអ្នកស្នេហាវិស័យកីឡាបាល់ទះកម្ពុជាថា ឆ្នាំនេះ សហព័ន្ធត្រូវរៀបចំលីគបាល់ទះឲ្យខានតែបាន ដើម្បីពង្រឹងធនធានកីឡាករ និងក្រុមបាល់ទះកម្ពុជា ឆ្ពោះទៅរកការប្រកួតប្រជែងថ្មីលើអន្ដរជាតិនានា។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្ថែម។

ទន្ទឹមជាមួយសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួត ក៏ដូចជាពិធីចាប់ឆ្នោតបែងចែកពូល នៃពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានប្រកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នាជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយមានការចូលរួមពីអ្នកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ដើម្បីសហការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ និងបន្ដភាពជាដៃគូយូរអង្វែង ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទះកម្ពុជានាថ្ងៃអនាគតដែរ។

សម្រាប់បេក្ខភាពចូលរួមប្រកួតពានសម្ដេចក្រហោម ស ខេង ឆ្នាំនេះ គឺបែងចែកជា ៨ពូល ក្នុងមួយពូលមាន ៤ក្រុម (ពូល A, B, C, E, F) លើកលែងពូល D, G និងពូល H ដែលមាន ៣ក្រុមក្នុងមួយពូល។ ចំពោះរូបមន្ដប្រកួត ក្រោយបញ្ចប់វគ្គជម្រុះក្នុងពូល ក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗ ត្រូវឡើងទៅវគ្គ ១/៨ ផ្ដាច់ព្រ័ត្រ ដើម្បីបន្ដការប្រកួតជម្រុះ រហូតរកឃើញក្រុមជើងឯក ដោយក្រុមលេខ១ ទទួលបានពាន១ អមប្រាក់រង្វាន់ ៥០លានរៀល, លេខ២ ទទួលបាន ២០លានរៀល និងលេខ៣ ទទួលបាន ១០លានរៀល៕