(ភ្នំពេញ)៖ កម្មករនិយោជិតដែលធ្វើការនៅក្នុងសហគ្រាស ឬក្រុមហ៊ុនមួយ ត្រូវទទួលបានប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់ការងារ ។ ប៉ុន្តែអាចមានករណីមួយចំនួនដែលអាចនាំឱ្យខកខាន ឬយឺតយ៉ាវក្នុងការទទួលបានអត្ថប្រយោជន៍ទាំងអស់ដូចមានរៀបរាប់ខាងលើ ដែលជាហេតុអាចនាំឱ្យប៉ះពាល់ដល់ចំណូល ឬការចិញ្ចឹមជិវិតរបស់ពួកគាត់ ។

ហេតុនេះ ដើម្បីការពារសិទ្ធិលើបំណុលរបស់កម្មករនិយោជិត ដែលនិយោជកខកខាន ឬមិនបានបំពេញកាតព្វកិច្ចជូនគាត់ ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជាបានចែងនូវបញ្ញត្តិពាក់ព័ន្ធនឹងឯកសិទ្ធិទូទៅ និងបទបញ្ញត្តិពាក់ព័ន្ធផ្សេងទៀត ដើម្បីការពារអត្ថប្រយោជន៍របស់កម្មករនិយោជិត ។

តើឯកសិទ្ធិទូទៅត្រូវបានកើតឡើងដោយសារមូលហេតុអ្វីខ្លះ? ដូច្នេះដើម្បីយល់ឱ្យកាន់តែច្បាស់ សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី ឯកសិទ្ធិទូទៅពាក់ព័ន្ធនឹងសិទ្ធិលើបំណុលរបស់កម្មករនិយោជិត មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ទាំងអស់គ្នា ដូចខាងក្រោម។

ឯកសិទ្ធិទូទៅ សំដៅដល់ឯកសិទិ្ធដែលម្ចាស់បំណុលមានលើទ្រព្យទាំងអស់ (អចលនវត្ថុ និងចលនវត្ថុ) របស់កូនបំណុល ហើយឯកសិទ្ធិទូទៅមានលក្ខណៈខុសគ្នាទៅនឹងឯកសិទ្ធិពិសេស ដែលឯកសិទ្ធិពិសេស សំដៅដល់ឯកសិទ្ធិដែលម្ចាស់បំណុលមានលើទ្រព្យរបស់កូនបំណុលដែលកំណត់ជាក់លាក់ ។

ឧទាហរណ៍៖ ឯកសិទ្ធិលើចលនវត្ថុ ឬ ឯកសិទ្ធិលើអចលនវត្ថុ ដោយមិនមានភាពចម្រុះគ្នាដូចឯកសិទ្ធិទូទៅឡើយ ។ ក្នុងនោះដែរ មាត្រា ៧៨៣ នៃក្រមរដ្ឋប្បវេណី បានបញ្ញត្តិផ្នែកមួយនៃឯកសិទិ្ធទូទៅ ពាក់ព័ន្ធនឹងសិទ្ធិលើបំណុលរបស់កម្មករនិយោជិត ក្នុងគោលបំណងទទួលស្គាល់សិទ្ធិលើបំណុលរបស់កម្មករនិយោជិត ដែលមានទៅលើនិយោជក ។

ឯកសិទ្ធិទូទៅ ពាក់ព័ន្ធនឹងសិទ្ធិលើបំណុលរបស់កម្មករនិយោជិត សំដៅដល់ឯកសិទ្ធិពាក់ព័ន្ធនឹងសិទ្ធិលើបំណុលទាំងអស់ ដែលកម្មករនិយោជិតត្រូវទទួលបានពីនិយោជក ផ្អែកតាមកិច្ចសន្យាការងារ ។

ឧទាហរណ៍៖ លោក ក ជាកម្មករធ្វើការឱ្យរោងចក្ររបស់ លោក ខ ដោយមានចុះកិច្ចសន្យាការងារដែលមានថិរវេលាមិនកំណត់ ។ លុះកន្លងផុតរយៈពេល ១ ឆ្នាំ រោងចក្រ លោក ខ កើតមានបញ្ហាសេដ្ឋកិច្ច ដោយសារតែទូកដឹកទំនិញរបស់រោងចក្រ លោក ខ បានលិច ដែលកើតចេញពីការដឹកទំនិញលើសចំណុះ ។ ហេតុនេះ រោងចក្ររបស់ លោក ខ មានការខាតបង់យ៉ាងខ្លាំង ដែលនំាឱ្យ លោក ខ ជំពាក់ប្រាក់បៀវត្សដែលត្រូវបើកជូន លោក ក ចំនួន ៣ ខែជាប់គ្នា ដែលមានទឹកប្រាក់សរុបចំនួន ៩០០ (ប្រាំបួនរយ) ដុលា្លរអាមេរិក ។ ក្នុងអំឡុងពេលដែល លោក ក បំពេញការងារជូន លោក ខ លោក ក ក៏បានខ្ចីម៉ូតូមួយគ្រឿងពីរោងចក្រ លោក ខ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់គាត់ ក្នុងការមកបំពេញការងារប្រចាំថ្ងៃផងដែរ ។ ក្នុងករណីនេះ លោក ក មានសិទ្ធិឯកសិទ្ធិលើទ្រព្យទាំងអស់របស់និយោជក ជាពិសេសម៉ូតូ មួយគ្រឿងខាងលើ ដូចនេះ លោក ក អា ចដាក់ពាក្យស្នើសុំទៅតុលាការបាន ។

សរុបជារួមមក ឯកសិទ្ធិជាសិទ្ធិប្រាតិភោគមួយប្រភេទ ដែលផ្ដល់អាទិភាពដល់ម្ចាស់បំណុល អាចទទួលបានការសងមុនគេពីកូនបំណុល ក្នុងករណីដែលកូនបំណុលមិនបានគោរព និងអនុវត្តកាតព្វកិច្ចរបស់ខ្លួនចំពោះម្ចាស់បំណុល ។ ក្នុងនោះដែរ ក្រមរដ្ឋប្បវេណីក៏បានបញ្ញត្តិឯកសិទ្ធិមួយប្រភេទពាក់ព័ន្ធនឹងសិទ្ធិលើបំណុលរបស់កម្មករនិយោជិត ក្នុងគោលបំណងការពារសិទ្ធិលើបំណុលរបស់កម្មករនិយោជិត ផ្អែកតាមកិច្ចសន្យាការងារ ក្នុងករណីនិយោជិតមិនទទួលបានអត្ថប្រយោជន៍ត្រឹមត្រូវពេញលេញពីនិយោជក ។

រៀបរៀងដោយ៖ កញ្ញា គន្ធ វិជិតា និងលោក លី លីនដូ ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថ បទ ច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥  ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ , អ៉ីម៉ែល [email protected] , គេហទំព័រ www.ciclf.com , ហ្វេសប៊ុកផេក Cambodia International Cooperation Law Firm ៕