(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានធ្វើការបកស្រាយចំពោះចម្ងល់មហាជន ពិសេសអ្នកគាំទ្រមួយចំនួនតូចដែលហាក់មិនពេញចិត្ត បន្ទាប់ពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) សម្រេចមិនបន្ដកិច្ចសន្យាជាមួយលោក Satoshi Saito នាយកប្រតិបត្តិ CPL កាលពីថ្មីៗ។

យោងតាមសំណេរកាត់ស្បៃរាត្រីឆ្លើយតប (Comment) លើបណ្ដាញសង្គម កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រមុខសហព័ន្ធខាងលើបានបញ្ជាក់ថា «ខ្ញុំសូមជម្រាបអស់លោក លោកស្រីដែលកំពុងខ្វល់ខ្វាយ នឹងការមិនបន្តកិច្ចសន្យាជាមួយគាត់ដោយសារមូលហេតុដូចតទៅនេះ ដោយទី១-គាត់ (Satoshi Saito) បានសន្យាយើងក្នុង ១រដូវកាលគាត់រកអ្នកឧបត្ថម្ភឲ្យបានយ៉ាងតិច ៣លានដុល្លារ សម្រាប់ការរៀបចំការប្រកួត CPL។ យើងត្រូវផ្តល់ប្រាក់ខែឲ្យគាត់រាប់សែនដុល្លារ មានន័យថា យើងជួលគាត់មក ដោយសារយើងឃើញគាត់ជាជនជាតិជប៉ុនស្រាប់ យើងជឿគាត់។

២-ដើម្បីមានលុយជួលគាត់ យើងបង្កើតក្រុមហ៊ុន League ដោយបង្កើតភាគហ៊ុន ម្ចាស់ភាគហ៊ុនជាច្រើនគឺជាម្ចាស់ក្លិប ដែលមានក្រុមលេងក្នុង CPL ផ្ទុយទៅវិញ គាត់មិនអាចរកអ្នកឧបត្តម្ភបានតាមការសន្យា គាត់មកចាយលុយយើង ដែលខ្ញុំផ្ទាល់ជាអ្នករកអ្នកឧបត្ថម្ភចាប់ពីឆ្នាំ២០១៨ មកពីក្រុមហ៊ុនទូរសព្ទមិត្តហ្វូន ៥០ម៉ឺនដុល្លារក្នុង ១ឆ្នាំ។ យើងប្រគល់លុយនឹងឲ្យទៅគាត់ បូកបន្ថែមលើថវិកាដែលបានមកពីភាគហ៊ុនក្នុងក្រុមហ៊ុន League ទៀត។

តើអ្នក Comments ប្រើពាក្យសោកស្តាយអ្នកមានសមត្ថភាពដកចេញ ទុកមនុស្សល្ងង់ ទាមទារឲ្យប្រធានបាល់ទាត់លាលែងទៅ? ខ្ញុំសួរអស់លោកថា យើងជួលគាត់ឲ្យមក ជួយយើងសំខាន់រឿងរកលុយ ជាថ្នូរនឹងប្រាក់ខែរាប់សែនដុល្លារ ដើម្បីអភិវឌ្បន៍បាល់ទាត់ ចុះគាត់ចាយលុយយើងអស់ គាត់រកលុយមិនបាន ហើយបើរកបានបន្តិចបន្ទួចនោះ ក៏គាត់ប្រើឈ្មោះខ្ញុំដែរ។

៣-ឥឡូវខ្ញុំជួលក្រុមហ៊ុនអន្តរជាតិឲ្យធ្វើអូឌីតការចំណាយ លទ្ធផល និងចេញហើយ និងប្រកាសជាផ្លូវការតើគាត់ចំណាយត្រឹមត្រូវតាមគោលការណ៍ថវិការឬអត់?

៤-ឥឡូវអស់លោក Comments ឲ្យខ្ញុំ សៅ សុខា ប្រធានបាល់ទាត់លាលែង ខ្ញុំនឹងប្រកាសលាលែងតាមការចង់បានរបស់អស់លោក។ ខ្ញុំសូមជម្រាបជូន ខ្ញុំមិនមែនសុំមកធ្វើប្រធានបាល់ទាត់ដោយខ្លួនឯងទេ តែមុនឆ្នាំ២០០៦ ហេដ្ឋារចនាសម្ពន្ធ័បាល់ទាត់ ដែលដាំស្មៅមានតែពហុកីឡដ្ឋានជាតិតែមួយគត់ តើសព្វថ្ងៃមានប៉ុន្មាន? ជម្រើសជាតិប្រកួតម្តងៗ ចាញ់គេលើសពី ១០ ទល់នឹងសូន្សក៏មានដែរ។ កីឡាករគ្មានប្រាក់ខែ គ្មាន League គ្មានការរៀបចំប្រកួតអន្តរជាតិ។

ម៉្យាងទៀតកីឡាបាល់ទាត់ក្នុងមួយក្រុមដែលចេញទៅប្រកួតនៅក្រៅប្រទេសចំនួន ៣៤នាក់ សំបុត្រយន្តហោះតាមឆ្ងាយជិត បើគ្មានចាប់ពី ១០០,០០០ដុល្លារឡើងទៅទេ មិនអាចចេញដំណើរបានឡើយ មុននឹងចេញទៅប្រកួតត្រូវប្រមូលផ្តុំហ្វឹកហាត់ តម្លៃហូបចុកក្នុង ១ថ្ងៃ ៥០,០០០រៀលម្នាក់ នៅសម្ភារៈតើត្រូវចំណាយប៉ុន្មាន? តើបានលុយមកពីណា? តើអ្នកណាជាអ្នករកលុយនោះ?

កុំច្រឡំលុយរដ្ឋមានមិនបាន ១០% នៃការចំណាយសរុបផង។ កុំយកកីឡាផ្សេងមកប្រៀបធៀបនឹងកីឡាបាល់ទាត់ចំនួនមនុស្សក៏ខុសគ្នា ហេដ្ឋារចនាសម្ពន្ធ័ក៏ខុសគ្នា ការចំណាយក៏ខុសគ្នា។ ខ្ញុំគ្មានប្រយោជន៍ជាលុយកាក់ មុខមាត់អីពីបាល់ទាត់នោះទេ ខ្ញុំមានតែលះបង់ និងចំណាយសូមកុំច្រឡំមុននឹងនិយាយដល់ឈ្មោះខ្ញុំ សូមមើលកិច្ចការដែលខ្ញុំប្រឹងធ្វើនោះផង ខ្ញុំមិនល្ងង់ឡប់ ហើយក៏មិនមែនមនុស្សបំផ្លាញជាតិដែរ»

គួរដឹងថា CPL បានប្រកាសមិនបន្ដកិច្ចសន្យាជាមួយនាយកប្រតិបត្តិ លោក Satoshi Saito ដែលជាអតីតអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្លិបអ្នកមានបុណ្យ FC Barcelona និងជាទីប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ឡើយ បន្ទាប់ពីលោកបានចូលមកដឹកនាំ CPL បានរយៈពេល ២ឆ្នាំ ក្រោមមូលហេតុនៃការធ្វើកំណែទម្រង់ថ្មី លើរចនាសម្ព័នម្ចាស់ភាគហ៊ុន ដើម្បីបន្ដបេសកកម្មក្នុងការរៀបចំការប្រកួតនានា ដូចជាលីគកំពូលកម្ពុជាជាដើម៕