(ម៉ូនិច)៖ ខ្សែប្រយុទ្ធពាក់លេខ៩ Harry Kane ធ្វើបានហែតទ្រីក (៣គ្រាប់) ជាលើកទី៣ បន្ទាប់ពីផ្ទេរទៅចូលរួមជាមួយ Bayern Munich នៅពេលក្លិបខ្លារខិនមួយនេះបានយកឈ្នះម្ចាស់ផ្ទះ Borussia Dortmund ដល់ទៅ ៤-០ ក្នុងលីគ Bundesliga នាយប់មិញប្រចាំសប្តាហ៍ទី១០។

នេះមានន័យថា ប្រធានក្រុមជម្រើសជាតិតោកំណាចអង់គ្លេសរូបនេះ រកបាន ១៩គ្រាប់ហើយសម្រាប់ Bayern និងអង់គ្លេសនារដូវកាលឆ្នាំ២០២៣-២០២៤។

ដូចគ្នានោះដែរ Bayern Munich ដែលកំពុងដឹកនាំដោយលោក Thomas Tuchel បានសំឡឹងរកការឈ្នះពានលីគ Bundesliga របស់អាល្លឺម៉ង់ជាលើកទី១២ ជាប់ៗគ្នាផងដែរ នៅពេលដែលពួកគេបានបើកការនាំមុខ Dortmund ២-០ ត្រឹមចាប់ផ្តើមលេងបាន ១០នាទីដំបូង ដែលកីឡាករ Dayot Upamecano ធ្វើបានគ្រាប់បែកពងមាន់នៅនាទីទី៤ មុនពេលមិត្តរួមក្រុម Kane រកបានគ្រាប់ទី២ ក្នុងរយៈពេល ៥នាទីបន្ទាប់ និងបន្ថែម ២គ្រាប់ទៀតផងដែរ ក្រោយការសម្រាកវគ្គទី១។

អតីតខ្សែប្រយុទ្ធមកពីលីគអង់គ្លេស គឺក្លិប Tottenham Hotspur រកបាន ១៥គ្រាប់ហើយពីការចូលលេងបាន ១០ប្រកួតក្នុងលីគគួរឲ្យកត់សម្គាល់ ជាមួយនឹងការធ្វើបាន hat-trick ៣លើកផងដែរនៅពេលចួលរួមជាមួយ Bayern Munich នារដូវកាលឆ្នាំ២០២៣-២០២៤ នេះ ក្រោយរកបាន ៣គ្រាប់ទល់នឹងក្រុម Darmstadt នាសប្តាហ៍មុនមកដែរ៕