(កូរ៉េ)៖ តារាសម្តែងកូរ៉េខាងត្បូង តួប្រុសក្នុងរឿង «Parasite» លោក Lee Sun Gyun ដែលស្ថិតក្រោមការសង្ស័យនៃការប្រើប្រាស់គ្រឿងញៀន ត្រូវបានប៉ូលីសកោះហៅម្តងទៀត ដើម្បីសួរចម្លើយស៊ើបអង្កេត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន All KPOP នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

នៅថ្ងៃទី៤ ខែវិច្ឆិកា ប៉ូលីសបានកោះហៅ Lee Sun Gyun ឡើងវិញ ដែលត្រូវបានចោទប្រកាន់ពីបទ បំពានច្បាប់គ្រប់គ្រងគ្រឿងញៀន ហើយកំពុងធ្វើការសួរចម្លើយលើជនសង្ស័យរូបនេះ។ តារាសម្តែងរូបនេះ ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនជាទម្លាប់ ដោយសន្មត់ថាបានប្រើប្រាស់កញ្ឆា និងបានចូលផ្ទះរបស់នារីម្នាក់ដែលគេស្គាល់ថាជា «A» ដែលជាបុគ្គលិកនៅក្នុងកន្លែងកម្សាន្តពេលរាត្រីក្នុងសង្កាត់ Gangnam នៃទីក្រុងសេអ៊ូល ដោយចាប់ផ្តើមពីដើមឆ្នាំនេះ។

គួរជម្រាបថា តារាសម្តែង Lee បានឈ្នះពានរង្វាន់ «Screen Actors Guild» សម្រាប់តួនាទីរបស់លោកនៅក្នុងខ្សែភាពយន្ត «Parasite» ខណៈភាពយន្តនេះបានឈ្នះពានរង្វាន់អូស្ការ ក្នុងឆ្នាំ២០១៩។ ជុំវិញករណីខាងលើនេះ លោកមិនបានធ្វើអត្ថាធិប្បាយជាក់លាក់ ពាក់ព័ន្ធនឹងការចោទប្រកាន់នោះទេ ដោយលោកគ្រាន់តែប្តេជ្ញាអនុវត្តតាមនិតិវិធីស៊ើបអង្កេតបន្ត៕