(បរទេស)៖ បន្ទាប់ពីកម្មវិធីចែករំលែកវីដេអូអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គម YouTube ប្រកាសឱ្យអ្នកប្រើប្រាស់ចូលប្រើគណនីបង់ប្រាក់ដើម្បីទទួលបានមុខងារបិទ Ads ផ្ទាំងពាណិជ្ជកម្មនៅរាល់ពេលទស្សនាវីដេអូ ពេលនេះ YouTube សម្រេចប្រាប់ពីតម្លៃជាវនោះហើយ។ តាមការបញ្ជាក់ តម្លៃជាវថ្មីនេះនឹងមានការដំឡើងថ្លៃនៅតាមទីផ្សារមួយចំនួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកានេះ YouTube Premium ទទួលបានការដំឡើងថ្លៃនៅក្នុងប្រទេសមួយចំនួនរួមមានប្រទេសអាហ្សង់ទីន អូស្រ្តាលី អូទ្រីស ឈីលី អាល្លឺម៉ង់ ប៉ូឡូញ និងតួកគីជាដើម។ ខណៈការកើនឡើងថ្លៃនេះនឹងមានតម្លៃចន្លោះពី ០.៥សេន ដល់ ៣ដុល្លារអាស្រ័យតាមអត្រាប្តូរប្រាក់។

ជាក់ស្តែងដូចប្រទេសអាហ្សង់ទីន នឹងមានតម្លៃ ០.៩៤សេនក្នុងមួយខែ អូស្រា្តលី អូទ្រីស និងអាល្លឺម៉ង់ នឹងមានតម្លៃ ១០.២៩ដុល្លារក្នុងមួយខែ ឈីលី នឹងមានតម្លៃ ៨.៩០ដុល្លារក្នុងមួយខែ ចំណែក ប៉ូឡូញ នឹងមានតម្លៃ ៧.១៧ដុល្លារក្នុងមួយខែ និងតួកគី មានតម្លៃ ១.៤១ដុល្លារក្នុងមួយខែ។ តែយ៉ាងការដំឡើងថ្លៃនេះនឹងមានសម្រាប់ប្រទេសកម្ពុជាយើងដូចគ្នា ប៉ុន្តែនៅមិនទាន់បានការបញ្ជាក់អំពីតម្លៃនោះទេ។

ដោយឡែកសម្រាប់អតិថិជន YouTube Premium និង Music Premium ដែលមានស្រាប់នៅក្នុងទីផ្សារមួយចំនួននឹងទទួលបានអ៊ីមែលជូនដំណឹងអំពីការកើនឡើងតម្លៃ និងរយៈពេលអប្បបរមា ៣០ថ្ងៃ មុនពេលការកើនឡើងតម្លៃណាមួយមានប្រសិទ្ធិភាព។ ប៉ុន្តែចំពោះអតិថិជនដែលបានជាវកាលពី ៥ ឆ្នាំមុន ឬច្រើនជាងនេះ រួមទាំងអ្នកដែលចុះឈ្មោះដំបូងតាមរយៈ Google Play នឹងទទួលនូវលក្ខណ្ឌពិសេសបើទោះបីជាមានការជូនដំណឹងក៏ពិតមែនប៉ុន្តែ YouTube នឹងបន្តឱ្យបង់តម្លៃគម្រោងបច្ចុប្បន្ននេះបានរហូតដល់ ៣ខែបន្ថែមទៀត៕