(ភ្នំពេញ)៖ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) បានប្រកាសជាផ្លូវការ ដោយអនុញ្ញាតឲ្យសមាជិកក្លិបភ្នំពេញក្រោន កីឡាករ Yudai Ogawa លេងក្របខណ្ឌលីគកំពូលកម្ពុជា (Cambodian Premier League) ជាកីឡាករខ្មែរបានចាប់ពីជុំទី២ តទៅ។

នេះបើយោងតាមការជូនដំណឹងរបស់ CPL នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ក្រោយផ្អើលមួយរាត្រី បន្ទាប់ពីអ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន លោក កែវ សុខង៉ន ទម្លាយថា ការចុះឈ្មោះលេងក្នុងនាមកីឡាករខ្មែររបស់កីឡាករទើបចូលសញ្ជាតិ Yudai ត្រូវបានរាំងស្ទះ ដោយសារមិនក្លិបមួយចំនួនជំទាស់។

យោងតាមលិខិតទើបចុះហត្ថលេខានៅព្រឹកថ្ងៃសៅរ៍នេះបានបញ្ជាក់ថា «ដោយទទួលបានការអនុញ្ញាតពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចំពោះកីឡាករ យូឌៃ អូកាវ៉ា (Yudai Ogawa) ដែលទើបទទួលបានសញ្ជាតិខ្មែរ និងបានចូលរួមប្រកួតជាមួយក្រុមជម្រើសជាតិក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក (វគ្គជម្រុះជុំទី១) ជាមួយប្រទេសប៉ាគីស្ថានផងនោះ ហេតុដូច្នេះក្រុមហ៊ុនខេបូឌានព្រីមៀរលីគ អនុញ្ញាតឲ្យកីឡាកររូបនេះ ចុះឈ្មោះចូលរួមប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២០២៤ ជាកីឡាករខ្មែរបាន ចាប់ពីជុំទី២ នេះតទៅ»

គួរដឹងថា កាលពីល្ងាចម្សិលមិញ លោក កែវ សុខង៉ន បានបង្ហោះព័ត៌មានពាក់ព័ន្ធ Yudai Ogawa ថា «សោកស្ដាយខ្លាំងសម្រាប់ខ្ញុំ។ យើងតែងនិយាយពាក្យ (ខ្មែរស្រលាញ់ខ្មែរ ) ទាំងតែ Yudai លះបង់សញ្ជាតិខ្លួនឯង មកចូលសញ្ជាតិខ្មែរយើង ជាពិសេសក្លិបបាល់ទាត់ភ្នំពេញក្រោន កំពុងធ្វើបានល្អលើឆាកអន្តជាតិផងដែរ។ ពួកយើងទាំងអស់គ្នាខិតខំសន្សំពិន្ទុសម្រាប់រដូវកាលក្រោយ ដើម្បីឲ្យមានកៅអីថែមទៀត សម្រាប់ពានរង្វាន់អន្តរជាតិដូចជា AFC CUP រឺ AFC Champion league ប៉ុន្តែមានបណ្ដាលក្លិបមួយចំនួនមិនឯកភាព»

ការទម្លាយព័ត៌មានដ៏រសើបនេះ បានធ្វើឲ្យមានការជជែកវែកញែកគ្នាមួយយប់ផ្អើលបណ្ដាញសង្គម ពិសេសក្រុមអ្នកគាំទ្រក្លិបភ្នំពេញក្រោន ហាក់មិនពេញចិត្តចំពោះការជំទាស់នោះឡើយ ទោះបីពុំទទួលបានព័ត៌មានផ្លូវការពីក្រុមហ៊ុនខេមបូឌានព្រីមៀរលីគក៏ដោយ។ យ៉ាងណាពេលនេះ CPL បានជូនដំណឹងជាផ្លូវការ ដែលសបញ្ជាក់ថា ភ្នំពេញក្រោន អាចដាក់កីឡាករ Yudai Ogawa លេងក្នុងនាមកីឡាករខ្មែរ ហើយពួកគេក៏អាចបន្ថែមកូតាកីឡាករបរទេសម្នាក់ទៀត សម្រាប់ការប្រកួតពានរង្វាន់ជាតិ និងអន្ដរជាតិនានាផងដែរ៕