(ប៉ារីស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប (UEFA) បានក្លាយជាដៃគូក្រុមហ៊ុន Groupe Amaury ក្នុងការសហការរៀបចំកម្មវិធីប្រគល់ពានរង្វាន់បាល់មាស Ballon d’Or ជូនដល់កីឡាករ-កីឡាការិនីចាប់ពីឆ្នាំ២០២៤ ខាងមុខតទៅ។ នេះបើតាមការប្រកាសពី UEFA ហើយត្រូវបានចុះផ្សាយដោយគេហទំព័រសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុមហ៊ុន Groupe Amaury ដែលជាម្ចាស់ក្រុមហ៊ុនផ្សព្វផ្សាយ France Football and L'Equipe នឹងនៅតែបន្តជាម្ចាស់ម៉ាកសញ្ញាកម្មវិធី Ballon d'Or ដដែល ហើយនឹងនៅតែបន្តគ្រប់គ្រងលើប្រព័ន្ធបោះឆ្នោត ដែលមានន័យថា កម្មវិធីនេះនៅតែមានភាពឯករាជ្យផងដែរ។

UEFA លើកឡើងថា ខ្លួននឹងរៀបចំពិធីជប់លៀងប្រចាំឆ្នាំ និងធ្វើទីផ្សារពាណិជ្ជកម្មសកលរបស់ខ្លួន ស្របពេលដែលមានការបន្ថែមពានរង្វាន់ថ្មីចំនួន ២ទៀត សម្រាប់គ្រូបង្វឹកល្អប្រចាំឆ្នាំទាំងផ្នែកបុរស និងស្ត្រីដែរ។

ភាពជាដៃគូនេះមានន័យថា ពានរង្វាន់របស់ UEFA សម្រាប់កីឡាករល្អបំផុត និងគ្រូបង្វឹកល្អបំផុត នឹងលែងមានតទៅទៀត។ ប៉ុន្តែ UEFA នឹងបន្តផ្តល់ពានរង្វាន់ President's Award ព្រមទាំងរង្វាន់សម្រាប់កីឡាករល្អបំផុត នៅក្នុងការប្រកួតនីមួយៗរបស់ពួកគេផងដែរ។

សូមជម្រាបថា ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បានឈ្នះពាន Ballon d'Or លើកទី៨ ជាកំណត់ត្រា សម្រាប់កីឡាករល្អជាងគេបំផុតលើលោកកាលពីថ្ងៃចន្ទ ស្របពេលម្ចាស់ពានរង្វាន់ World Cup របស់ក្រុមជម្រើសជាតិស្ត្រីអេស្ប៉ាញ និងជាខ្សែបម្រើក្លិប FC Barcelona កីឡាការិនី Aitana Bonmati បានទទួលពានរង្វាន់នេះផ្នែកស្រ្តី៕