(សៅប៉ូឡូ)៖ កម្មវិធីប្រណាំងរថយន្តកម្រិតពិភពលោក Formula One នឹងបន្តធ្វើនៅទីលាន Interlagos ស្ថិតក្នុងទីក្រុង Sao Paulo យ៉ាងហោចណាស់ដល់ឆ្នាំ២០៣០ បន្ទាប់ពីបានបន្តកិច្ចសន្យារយៈពេល ៥ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

កិច្ចសន្យាបច្ចុប្បន្នសម្រាប់កម្មវិធីប្រណាំង ដែលគេហៅថា Grand Prix of Sao Paulo គ្រោងនឹងផុតកំណត់នៅក្នុងឆ្នាំ២០២៥។

ទីលាន Interlagos បានធ្វើជាម្ចាស់ផ្ទះលើកដំបូង សម្រាប់ព្រឹត្តិការណ៍ដណ្តើមពានរង្វាន់លំដាប់ពិភពលោកនេះ កាលឆ្នាំ១៩៧៣។

លោក Stefano Domenicali ប្រធានប្រតិបត្តិ F1 បានថ្លែងថា «ខ្ញុំរីករាយក្នុងការប្រកាសថា យើងនឹងបន្តស្ថិតនៅឯទីលាន Interlagos រហូតដល់ឆ្នាំ២០៣០ ហើយខ្ញុំមិនអាចរង់ចាំបាននោះទេ សម្រាប់បរិយាកាសដ៏អស្ចារ្យជាច្រើនឆ្នាំទៀត ដែលអ្នកគាំទ្រប្រេស៊ីលនាំមកជូននាពេលនេះ»