(ម៉ូនិច)៖ ក្លិបបាល់ទាត់អាល្លឺម៉ង់ Mainz 05 បានឈានដល់ការបញ្ចប់កិច្ចសន្យាមុនកាលកំណត់ជាមួយនឹងកីឡាករខ្សែបម្រើប្រយុទ្ធ ជុំវិញការបង្ហោះរូបភាពអ៊ីស្រាអែល ដែលកំពុងមានជម្លោះនៅតំបន់កាហ្សា (Gaza)។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា ក្លិប លេងនៅ Bundesliga បានប្រកាសពីការផ្តាច់ទំនាក់ទំនងជាមួយកីឡាករអន្តរជាតិហូឡង់ Anwar El Ghazi នៅថ្ងៃសុក្រម្សិលមិញ ក្រោយពេលខ្សែបម្រើវ័យ ២៨ឆ្នាំរូបនេះ ត្រូវបានដកបញ្ឈរជើងតាំងពីថ្ងៃទី១៧ ខែតុលាមក បន្ទាប់ពីបង្ហោះរូបភាពនៅលើបណ្តាញសង្គមដែលបានលុបវិញពីបញ្ហាជម្លោះនៅតំបន់បជ្ឈឹមបូព៌ា។

Mainz បានចេញសេចក្តីថ្លែងការណ៍ថា «ការបញ្ចប់កិច្ចសន្យានេះដែរ គឺធ្វើឡើងបន្ទាប់ពីបាតុភាពភ្លាមៗរវាងភាគីក្លិប និងកីឡាករ បើទោះបីជាបម្រាមបញ្ឈរជើងត្រូវបានដកចេញវិញកាលពីថ្ងៃចន្ទក៏ដោយ»

យ៉ាងនេះក្តី Ghazi ក៏បានបញ្ជាក់ឲ្យដឹងដែរថា «ខ្ញុំគាំទ្រចំពោះអ្វីដែលត្រឹមត្រូវ បើទោះបីជាហាក់មានភាពឯកោបន្តិចមែន»

នៅចាំបានថា El Ghazi បានមកចូលរួមជាមួយ Mainz 05 ដោយគ្មានតម្លៃផ្ទេរឡើយនារដូវក្តៅនេះ និងទើបតែបានចូលលេង ៣ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះដែរ ស្របពេល Mainz ស្ថិតនៅបាតតារាងលីគ ដែលត្រូវធ្វើម្ចាស់ផ្ទះ ទទួលក្រុម RB Leipzig នារាត្រីថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកានេះ៕