(បរទេស)៖ រដ្ឋាភិបាលចក្រភពអង់គ្លេសប្រកាសបោះទុនវិនិយោគចំនួន ២៧៣លានដុល្លារទៅក្នុងវិស័យបញ្ញាសិប្បនិមិត្ត Supercomputer AI ដែលមានឈ្មោះថា Isambard-AI ដោយបង្ហាញពីមហិច្ឆតាដ៏ធំក្នុងការដឹកនាំផ្នែកបច្ចេកវិទ្យា ខណៈដែលប្រទេសនេះកំពុងប្រជែងគ្នាដើម្បីតាមឱ្យទាន់សហរដ្ឋអាមេរិក និងចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការវិនិយោគនេះកើតឡើងនៅពេលដែលចក្រភពអង់គ្លេសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសុវត្ថិភាព AI ដ៏ធំរបស់ខ្លួននៅក្នុង Bletchley Park ដែលជាផ្ទះរបស់អ្នកបំបែកកូដសង្គ្រាមលោកលើកទីពីរ។ អំឡុងពេលនោះដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា Isambard-AI នឹងក្លាយជាកុំព្យូទ័រទំនើបបំផុតនៅក្នុងចក្រភពអង់គ្លេស នឹងមានល្បឿនលឿនជាងម៉ាស៊ីនលឿនបំផុតនាពេលបច្ចុប្បន្នរបស់ចក្រភពអង់គ្លេសរហូតដល់ ១០ដងឯណោះ។

Isambard-AI ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការផលិតនៅឆ្នាំ២០២៤ ខាងមុខនេះ ដូច្នេះនៅពេលដែល AI នេះចាប់ផ្តើមដំណើរការជាសកល វាច្បាស់ណាស់នឹងមានសមត្ថភាពខ្លាំងជាងគេបើធៀបនឹង AI ពីប្រទេសមហាអំណាចផ្សេងទៀត រួមទាំងអាចជាប់ចំណាត់ថ្នាក់ក្នុងចំណោម Supercomputer AI កំពូលក្នុងពិភពលោកផងដែរ។

យោងតាមការរំពឹងទុករបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Supercomputer ដ៏ទំនើបដែលរួមបញ្ចូលគ្នាជាមួយនឹងដំណើរការ AI នេះនឹងសម្រេចបាននូវរបកគំហើញថ្មីក្នុងការបញ្ចូលថាមល ការថែទាំសុខភាព និងគំរូអាកាសធាតុ «health care និង climate modelling»៕