(បរទេស)៖ អ្នកគាំទ្រ Taylor Swift នៅក្នុងប្រទេសកាណាដា ហាក់ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីទទួលដំណឹងថា តារាចម្រៀងរូបនេះបានបន្ថែមកម្មវិធីចំនួនបី អំឡុងទៅប្រគំតន្ត្រី «Eras Tour» ក្នុងប្រទេសកាណាដា នាពេលខាងមុខរបស់នាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន International The News នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

កម្មវិធីថ្មីនឹងប្រព្រឹត្តទៅនៅ BC Place ក្នុងទីក្រុង Vancouver រដ្ឋ British Columbia នៅថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤។ កម្មវិធីនេះកើនឡើង បន្ទាប់ពីម្ចាស់បទ «Lover» រូបនេះ បានប្រកាសជាលើកដំបូងនូវកម្មវិធីចំនួន០៦ នៅមជ្ឈមណ្ឌល Rogers ក្នុងទីក្រុង Toronto ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។

គួរជម្រាបថា ការប្រគំតន្ត្រី «The Eras Tour» គឺគាំទ្រដល់អាល់ប៊ុមដែលបានថតឡើងវិញរបស់ Swift ដែលនាងបានចេញផ្សាយបន្ទាប់ពីមានជម្លោះជាមួយផលិតកម្មចាស់ ជុំវិញភាពជាម្ចាស់នៃសំឡេងរបស់នាង។ ដំណើរប្រគំតន្ត្រីទេសចរណ៍នេះ ត្រូវបានអ្នកគាំទ្រទន្ទឹងរង់ចាំជាខ្លាំង ហើយសំបុត្របានលក់អស់យ៉ាងឆាប់រហ័សផងដែរ៕