(បរទេស)៖ ថ្មីៗនេះនាយកប្រតិបត្តិក្រុមហ៊ុន Qualcomm លោក Cristiano Amon បានទម្លាយថា កំពូលស្មាតហ្វូនរបស់ Samsung ម៉ូដែល Galaxy S24 ដែលត្រៀមប្រកាសចេញក្នុងពេលឆាប់ៗខងមុខនេះនឹងប្រើប្រាស់បន្ទះឈីបចំនួនពីរប្រភេទរួមមានបន្ទះឈីប Snapdragon 8 Gen 3 និង Exynos 2400។ នេះមានន័យថាម៉ូដែល Galaxy S24 មួយចំនួននឹងត្រូវបានបំពាក់ដោយ Snapdragon ខណៈពេលដែលម៉ូដែលផ្សេងទៀតនឹងត្រូវបានបំពាក់ដោយ Exynos អាស្រ័យលើតំបន់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុន Samsung ប្រើការបញ្ចូលគ្នានៃបន្ទះឈីប Snapdragon និង Exynos នៅក្នុងម៉ូដែលស្មាតហ្វូន Galaxy S របស់ខ្លួន។ តាមពិតក្រុមហ៊ុនបានធ្វើដូច្នេះជាច្រើនឆ្នាំមកហើយ ដោយឡែកទាក់ទងនឹងការផ្លាស់ប្តូរនេះត្រូវបានគេកត់សម្គាល់ថាបាន កើតឡើងបន្ទាប់ពីមានរបាយការណ៍មួយចំនួនដែលបង្ហាញថាបន្ទះឈីប Exynos 2200 ដែលត្រូវបានប្រើនៅក្នុងត្រកូល Galaxy S22 មានបញ្ហាដំណើរការ និងថាមពលថ្ម។

យ៉ាងណាមិញបើទោះបីជា Samsung ត្រឡប់ទៅប្រើបន្ទះឈីបដល់ទៅពីរប្រភេទក៏ពិតមែន តែ CEO របស់ Qualcomm នៅតែជឿជាក់ថា Qualcomm នឹងនៅតែកាន់កាប់ចំណែកទីផ្សារភាគច្រើននៃស្មាតហ្វូន Galaxy S24 ដែលនឹងចេញលក់នៅឆ្នាំ២០២៤ ដដែល។ លោកបានបន្តទៀតថា បន្ទះឈីបទាំងពីប្រភេទនោះ Samsung នឹងជ្រើសប្រើ Exynos 2400 សម្រាប់ម៉ូដែល Galaxy S24 និង S24+ ចំណែកឯ Snapdragon 8 Gen 3 នឹងជ្រើសប្រើនៅក្នុងម៉ូដែល Galaxy S24 Ultra ស៊េរីទំនើប៕